​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​ចូ បៃ​ដិន បាន​និយាយថា លោក​មិន​ជឿ​ថា​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង មាន​ផែនការ​វាយប្រហារ​កោះ​តៃវ៉ាន់​«​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី​»​នេះ​ទេ​បន្ទាប់​ពី​​ជំនួប​ទល់មុខ​ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​រវាង​ប្រមុខ​មហាអំណាច​ទាំង​ពីរ​នៅ​កោះ​បាលី​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​បំណង​ធ្វើអោយ​មាន​ស្ថិរភាព​ទំនាក់ទំនង​ដែល​កំពុង​ធ្លាក់ចុះ​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោកបៃ​ដិនបាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ក្រោយ​ជំនួប​បី​ម៉ោង​ជាមួយ​លោក​ស៊ី​ថា​«​ខ្ញុំ​មិន​គិត​ថា​នឹង​មាន​ការប៉ុនប៉ង​ពី​ចិន​ក្នុងពេល​ឆាប់ៗ​ដើម្បី​ចូល​ឈ្លានពាន​តៃវ៉ាន់​ទេ​។​ខ្ញុំ​ជឿ​ទាំងស្រុង​ថា​​មិន​ចាំបាច់​មាន​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​ទេ​។​ខ្ញុំ​មិន​បាន​មើលឃើញថា​គាត់​បង្ហាញ​ចរិត​កាន់តែ​ប្រឈម​មុខ​ឬ​ស្រុះស្រួល​ឡើង​ទេ តែ​ខ្ញុំ​បាន​ឃើញ​លោក​ប្រកាន់​វិធី​ដដែល​គឺ​ផ្ទាល់​និង​ត្រង់ៗ​»​។​

​ទោះជា​យ៉ាងណា​ក្នុងជំនួប​កាលពី​ថ្ងៃ​ចន្ទ លោក​ស៊ី​បាន​ព្រមាន​លោកបៃ​ដិនថា​កុំអោយ​ឆ្លង​ហួស​«​ខ្សែបន្ទាត់​ក្រហម​»​អំពី​បញ្ហា​កោះ​តៃវ៉ាន់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​បាន​និយាយថា​ក្នុង​ជំនួប​ប្រមាណ​បី​ម៉ោង លោក​ស៊ី​បាន​ប្រាប់​ទៅ​លោកបៃ​ដិនថា «​បញ្ហា​កោះ​តៃវ៉ាន់​ជា​ស្នូល​ខ្លាំង​បំផុត​នៃ​ផលប្រយោជន៍​ចិន ជា​គ្រឹះ​ន​យោ​បា​នៃ​ទំ​នាក់​​ទំនង​ចិន​-​អាម៉េរិក និង​ជា​ខ្សែបន្ទាត់​ក្រហម​ដំបូង​ដែល​មិន​ត្រូវ​ឆ្លងកាត់​នៅក្នុង​ទំនាក់ទំនង​ចិន​-​អាម៉េរិក​»​។​

​ទោះជា​យ៉ាងណា លោកបៃ​ដិនបាន​ប្រាប់​លោក​ស៊ី​ថា អំពើ​«​គឃ្លើន​បែប​ឈ្លានពាន​»​របស់​ចិន​លើ​កោះ​តៃវ៉ាន់​ដាក់​សន្តិភាព​ក្នុង​ហានិភ័យ​។​

​ក្រោយ​ជំនួប​បី​ម៉ោង សេត​វិមាន​បាន​និយាយថា​លោកបៃ​ដិនបាន​បង្ហាញ​ការប្រ​ឆាំង​របស់​អាម៉េរិកចំ​ពោះ​«​អំពើ​បែប​បង្ខំ​និង​ឈ្លានពាន​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់​»​និង​ថា​«​វា​ធ្វើអោ​​យ​ខូច​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​និង​ក្នុង​តំបន់​»​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់​បាន​ក្លាយជា​ចំណុចក្តៅ​រវាង​ប្រទេស​ទាំង​ពីរ​។​ចិន​បាន​ផ្តាច់ការ​ទាក់ទង​តាម​ទម្លាប់​ធម្មតា​ជាមួយ​អាម៉េរិក​នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​ប្រធាន​សភា​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ទាំង​ចចេស​ទោះជា​ចិន​ប៉េកាំង​ព្រមាន​ហើយ​ក្តី​។​ចំណែក​ប្រធានាធិបតីបៃដិ​ន បាន​និយាយ​ម្តង​ជា​ពីរ​ដង​ថា កងកម្លាំង​អាម៉េរិក​នឹង​ការពា​រកោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​ក្នុង​​ករណី​វា​ត្រូវ​ចិន​វាយប្រហារ​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដោយ​រង់ចាំ​តែ​ពេល​ធ្វើ​ការបង្រួបបង្រួម​ជាមួយ​ចិនដីគោក​ឡើងវិញ​តែប៉ុណ្ណោះ ដោយ​អាច​ប្រើ​កម្លាំង​ក្នុង​ករណី​ចាំបាច់​។​តែ​រដ្ឋា​ភិ​​បាល​ទីក្រុង​តៃប៉ិ​(​តៃវ៉ាន់​)​ច្រាន​ចោល​សំណើ​របស់​ចិន​ស្តីពី​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​ដូច​នៅ​ហុងកុង និង​ថា​មាន​តែ​ប្រជាជន​កោះ​តៃវ៉ាន់​អាច​សំរេច​ជោគវាសនា​របស់​គេ​។​ចិន​តែង​ចោទប្រកាន់​អាម៉េរិក​​ថា​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន​និង​ជំរុញ​លើកទឹកចិត្ត​ឯករាជ្យភាព​តៃវ៉ាន់​តាមរយៈ​កាង​ការពារ​និង​ផ្គត់ផ្គង់​សព្វាវុធ​៕

​ចូ បៃ​ដិន និយាយ​ជាមួយ​សម​ភាគី​ចិន​នៅ​មួយ​ថ្ងៃ​មុន​ជំនួប​កំពូល​G20​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​