​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ផ្ទះ​មួយ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា កន្លែង​ដែល​លោក​ស្ទីវ ចប សហ​បង្កើត​ក្រុមហ៊ុន Apple គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​ហើយ​ឥឡូវនេះ​ស្បែកជើង​ដែល​គាត់​ពាក់​ពេល​ជាន់​​ផ្ទះ​នេះ ត្រូវ​បាន​លក់​ក្នុងតម្លៃ​ជិត ២២០.០០០ ដុល្លារ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ដេញថ្លៃ​មួយ​។​

​ក្រុមហ៊ុន​ជូន​លៀន​ស​ក​សិនស៍​( Julien’s Auctions) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ស្បែក​សង្រែក​ពណ៌​ត្នោត “​ប្រើប្រាស់​បាន​យ៉ាង​ល្អ​” ម៉ាក​ប៊ឺ​ឃិន​ស្តុក​ស៍​(Birkenstocks) ដែលមាន​​អាយុកាល​តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៧០ បាន​បង្កើត​ឯតទគ្គ​កម្ម​សម្រាប់​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ស្បែកជើង​មួយគូ​។​

​ក្រុមហ៊ុន​ដេញថ្លៃ​នេះ​បាន​និយាយ​នៅក្នុង​ការចុះបញ្ជី​នៅលើ​វេបសាយ​របស់​ខ្លួន​ថា “​ទ្រនាប់ជើង​នៅតែមាន​ស្នាមជើង​របស់​ស្ទីវ ចប ដែល​រំលេច​រូបរាង​ឡើង បន្ទាប់​ពី​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​”​។​

​អ្នកទិញ​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ទេ​។​

​លោក​ស្ទីវ ចប និង​លោក ស្ទីវ វ៉ូ​ស្នី​អាក់ (Steve Wozniak) សហ​បង្កើត​ក្រុមហ៊ុន Apple ក្នុង​ឆ្នាំ ១៩៧៦ នៅផ្ទះ​ឪពុក​ម្តាយ​របស់​លោក​ច​ប​នៅក្នុង​ទីក្រុង​ឡូ​ស អាល់​តូ​ស (Los Altos) រដ្ឋ​កាលីហ្វ័​រញ៉ា​។ ក្នុង​ឆ្នាំ ២០១៣ ផ្ទះ​នេះ​ត្រូវបាន​ចាត់ទុក​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដោយ​គណៈកម្មការ​ប្រវត្តិសាស្ត្រ​ក្រុង​ឡូ​ស​អាល់​តូ​ស​។​

​លោក​ចប​បាន​ស្លាប់​ក្នុង​ឆ្នាំ ២០១១ ដោយសារ​ជំងឺមហារីក​លំពែង​៕

ស្បែកជើង​សង្រែក Birkenstocks លក់​ដេញថ្លៃ​បាន ២១៨.៧៥០ ដុល្លារ