ដោយ: បូកគោ / កំពត: អភិបាលខេត្តកំពត បានក្រើនរំលឹកដល់មន្ត្រីជំនាញ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ និងសប្បុរសជន ឱ្យយកវត្តអារាម ធ្វើជាកន្លែងសិក្សា រៀនសូត្រ គោរពបូជា ។ ពុទ្ធបរិស័ទគ្រប់រូប មិនត្រូវយកវត្តអារាម ធ្វើអាជីវកម្ម ឬផ្សព្វផ្សាយបង្អួតកិត្តិយស និងកិត្តិនាមរបស់ខ្លួនដាច់ខាត ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ដូច្នេះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលលោកបានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រះរតនត្រ័យ ហៅវត្តឋានសួគ៌ ស្ថិតនៅឃុំនារាយណ៍ ស្រុកឈូក។

នៅទីនោះ ថ្នាក់ដឹកនាំ ក៏បានសម្រុះសម្រួលការយល់ច្រឡំមួយចំនួន ដែលកើតមានឡើង ក្នុងទីវត្តអារាម ដោយកន្លងមក មានការផ្សព្វផ្សាយមិនល្អ ធ្វើឲ្យប៉ះពាល់ដល់តម្លៃ របស់សាសនាជាតិ។

លោក ម៉ៅ ធនិន បានមានប្រសាសន៍ថាៈ វត្តអារាម ជាទីគោរពបូជា និងជាថ្នាលអប់រំ បណ្តុះសេចក្តីល្អ គុណធម៌ជីវិត ស្របតាមការប្រៀនប្រដៅរបស់ ព្រះពុទ្ធជាម្ចាស់ ដើម្បីទទួលបាននូវ ភាពស្ងប់សុខ សន្តិភាពផ្លូវចិត្ត ព្រមទាំងអារម្មណ៍ជនគ្រប់រូប។ ទីអារាម មិនមែនជាកន្លែងធ្វើអាជីវកម្ម ឈ្លោះប្រកែក ឬជាកន្លែងសម្រាប់សម្ញែងកិត្តិយស កិត្តិនាមរបស់បុគ្គលឡើយ។ ប៉ុន្តែបើសប្បុរសជន ឬពុទ្ធបរិស័ទណា ចូលរួមកសាង ក៏អាចដាក់ឈ្មោះ នៅលើសមិទ្ធផលទាំងនោះបាន តាមជាក់ស្តែង។

លោកអភិបាលខេត្ត បានក្រើនរំលឹកថាៈ មន្ត្រីជំនាញ គណៈកម្មការអាចារ្យវត្ត ប្រជាពុទ្ធបរិស័ទ ត្រូវនាំគ្នាអភិវឌ្ឍន៍ កសាងអារាម នេះបន្តទៀត ព្រោះវត្តឋានសួគ៌ មានទីតាំងអំណោយផល និងទេសភាពល្អស្អាត រចនាបទនៃការកសាង ត្រឹមត្រូវ តាមបែបសាសនា។ គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា ឱ្យវត្តឋានសួគ៌ ក្លាយជាទីគោរពបូជា ផង និងជាតំបន់ទេសចរណ៍ សាសនាផង ដើម្បីលើកតម្កើងមុខមាត់ខេត្ត ក៏ដូចជា តបស្នងសងគុណ ដល់សាសនារបស់ជាតិ៕ V / N