ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់ថ្ងៃ បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួនបួន រួមមានៈ
១-ការពិភាក្សា និងអនុម័ត សេចក្តីស្នើវិសោធកម្ម ប្រការ ២ ថ្មី (ពីរ) ប្រការ ៥ ថ្មី (ពីរ) ប្រការ ១០ ថ្មី (បី) និងប្រការ ៣៥ ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
២-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំ២០២៣។
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើៈ
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម អនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែម មាត្រា ៣ ស្ទួន។
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម មាត្រា ៥០ (ក) នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ។
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម មាត្រា ៥៦ នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ អន្តរជាតិ៕ V / N