ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ស្ថិតក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ប្រទេសកម្ពុជា បាននិងកំពុងសហការ ជាមួយសាធារណរដ្ឋប្រជាមានិតចិន លើកិច្ចការអភិវឌ្ឍ ដែលបញ្ចេញ កាបូនតិច ការគ្រប់គ្រងបរិស្ថាន និងការកសាងសមត្ថភាព ដែលក្នុងនោះ រួមមាន ការរៀបចំ តំបន់សេដ្ឋកិច្ច ពិសេសគំរូ ពហុបំណង ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅខេត្តព្រះសីហនុ ផងដែរ។

គួរបញ្ជាក់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចូលរួមក្នុងវេទិកាជាន់ខ្ពស់ ស្ដីពីកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង លើការងារប្រែប្រួល អាកាសធាតុ នៅកំឡុងពេលកិច្ចប្រជុំសន្និសីទកំពូល លើកទី២៧ នៃបណ្ដាភាគីអនុសញ្ញា សហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (COP27) នាទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប។

ថ្លែងក្នុងពិធីនេះ លោក រដ្ឋមន្ត្រី បានឱ្យដឹងថាៈ វេទិកាជាន់ខ្ពស់នេះ គឺជាឱកាសដ៏សំខាន់ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ពិនិត្យនូវវឌ្ឍនភាព ផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍ និងឧត្តម្មានុវត្ត ព្រមទាំងរួមគ្នាដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង។

ទាក់ទិនក្នុងរឿងនេះ លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនវេទិកា អំពី «កិច្ចព្រមព្រៀងបៃតង អាស៊ាន (ASEAN Green Deal)» ដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីតម្រង់ទិស ឆ្ពោះទៅកាន់អនាគតមួយ ដែលបញ្ចេញកាបូនតិច បៃតង មានភាពស៊ាំ និងប្រកបដោយចីរភាព៕ V / N