ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ទើបបានបញ្ចប់ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន ប្តូរវេន នៅឆ្នាំ២០២២ នេះ បានទទួលជោគជ័យ យ៉ាងធំធេង និងបានធ្វើឲ្យកិត្យានុ ភាពរបស់កម្ពុជា កាន់តែល្បីរន្ទឺ លើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសំ រាប់ប្រជាជនកម្ពុជាទាំងមូល។

នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង នូវភាពជោគជ័យ ក្នុងការចូលរួមរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់រាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានបន្តថាៈ យើងបានទទួលប្រតិភូ ប្រទេសមហាអំណាច និងបានផ្តល់កិច្ចការពារ សុវត្ថិភាពជូនប្រតិភូ ដោយយើងទទួលបាន ការកោតសរសើរ ពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេស អាស៊ាន និងប្រទេសជាដៃគូសន្ទនា ពីការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ និងអនាម័យបរិស្ថាន បានល្អប្រសើរ។ នេះជាកិត្តិយសដ៏ធំធេង សំរាប់កម្ពុជា និងសំរាប់រាជធានីភ្នំពេញ ផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំ ប្រឹងប្រែង របស់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ, មន្ត្រីរាជការ, អង្គភាព មន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី ពិសេសគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលបានរួម ចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំនេះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ យ៉ាងត្រចេះត្រចង់ ជូនជាតិមាតុភូមិ។

លោកអភិបាលរាជធានី បានបន្តទៀតថាៈ រាជធានីភ្នំពេញ នៅមានភារកិច្ចសំខាន់ ត្រូវធ្វើ បន្តទៀត នាពេល ដ៏ខ្លីខាងមុខ គឺធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអភិបាលក្រុងអាស៊ាន បន្តទៀត។

ពាក់ព័ន្ធនឹងការងាររដ្ឋបាលមួយចំនួន លោកបានស្នើសុំឲ្យមានការតម្រង់ទិស តាមមន្ទីរ ពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរដែនដី គឺត្រូវពិនិត្យខ្លឹមសារ ឲ្យបានច្បាស់លាស់ មុននឹងបញ្ចេញ របាយការណ៍មកក្រៅ។

ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានលើកឡើងពី ព្រឹត្តិការណ៏ជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ ក្នុងអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានធ្វើឲ្យពិភពលោក សម្លឹងមើលមកកម្ពុជា ជាប្រទេសតូច តែមានសមត្ថភាពខ្ពស់ ក្នុងដំណើរការរៀបចំ កិច្ចប្រជុំធំៗជាច្រើន ក្នុងនាមជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះ ធានាសន្តិសុខ សុវត្ថិភាព ការពារមេដឹកនាំកំពូលៗ លំដាប់ពិភពលោក បានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំ កែលំអសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានីភ្នំពេញ ឲ្យស្រស់បំព្រង ដើម្បីទទួលស្វាគមន៍ប្រតិភូ សំរាប់កិច្ចប្រជុំកំពូលអាស៊ាន ផងដែរ៕ V / N