ដោយៈយោធិន/ព្រះសីហនុ:នាវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាវាដឹកសម្ភារៈគ្រឿងបំពាក់សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានចាកចេញពីកំពង់ផែសមុទ្រក្រុងព្រះសីហនុឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលបន្ទាប់ពីបានដំណើរការយ៉ាងមមាញឹកក្នុងការស្ទួចដាក់ក្នុងនាវាអស់រយៈពេលមួយថ្ងៃនិងមួយយប់ក្រោមការត្រួតពិនិត្យពីសំណាក់នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងវត្តមានអគ្គនាយករង រួមនិងនាយទាហាន នាយទាហានរងក្រោមឱវាទជាច្រើនរូបទៀត។

សូមបញ្ជាក់ថា មធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់ចំនួន ៦៩គ្រឿងដែលដឹកតាមកប៉ាល់ក្រោមការចាត់ចែងរបស់អង្គការសហប្រជាជាតិសម្រាប់ផ្តល់ឲ្យដល់កងកម្លាំងមួកខៀវកម្ពុជាជំនាញកម្ទេចគ្រឿងផ្ទុះ (EOD) ថ្មី ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅតំបន់បេសកកម្មក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលបានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់គោលដៅអាហ្រ្វិកកណ្តាល នេះរួមមានៈរថយន្តតូច-ធំចំនួន
២៧ គ្រឿងមានក្នុងនោះ
រថយន្ត HMMWVប្រភេទប្លាំងដាស់ ចំនួន១១គ្រឿង
តូយ៉ូតា ៣គ្រឿង
នីស្សាន់១
ហ្វ៍ត ៥
កាម៉ាស់ ៣
MPV- i ៤ និងរថយន្តកុងទីន័រចំនួន ៣៥ គ្រឿង ក្នុងនោះ រឺម៉ក ៣ និងសុីទែន ៤ ផងដែរ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC)ទទួលបន្ទុកគ្រប់គ្រងផ្គត់ផ្គង់គ្រឿងសម្ភារៈ បរិក្ខា ឲ្យដល់កងយោធាមួកខៀវកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

សូមបញ្ជាក់បន្ថែមថាៈមុនពេលបីសប្តាហ៍ដែលគ្រឿងសម្ភារៈ បរិក្ខាខាងលើនេះទៅដល់គោលដៅកម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាក្នុងកងឯកភាពកម្ទេចគ្រាប់មិនទាន់ផ្ទុះចំនួន១០១នាក់ទៅទទួលគ្រឿងសម្ភារៈ បរិក្ខាទាំងនេះនៅរដ្ឋធានីបាំងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាល។នេះបើតាមការបញ្ជាក់ពីសំណាក់នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕សរន