ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២២ ក្រុមកីឡាករ កីឡាការិនីរាំកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ដោយបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ អ្នកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា។

អ្នកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា និងប្រធានប្រតិភូ បាន មានប្រសាសន៍ថាៈ ការប្រកួតនេះ លោកស្រី បានសង្កេតឃើញថា ក្រុមកីឡាករ កីឡាការិនីរាំ ទំាងអស់ សុទ្ធតែជាជើងខ្លាំង ដែលមានបច្ចេកទេសខ្ពស់ ព្រមទំាង អាជ្ញាកណ្តាល និងចៅក្រម កម្រិតពិភពលោក និងតំបន់អាស៊ី ថែមទៀតផង។ ចំណែកលទ្ធផលរបស់កីឡាករ កីឡាការិនីរាំកម្ពុជា បានខិតខំប្រឹងប្រែងអស់ពី សមត្ថភាព នៅពេលប្រកួតម្តងៗ អ្នកស្រី បានមើលឃើញសមត្ថភាពមានការ
រីកចម្រើន។

អ្នកស្រី បានបន្តថាៈ លក្ខណៈរីកច្រើននោះ ដោយការផ្អែកទៅលើការដឹកនាំ ការហ្វឹកហាត់ រួមទំាងការផ្តល់ឱកាស បទពិសោធន៍ចូលរួមប្រកួត ជាច្រើនមក ហើយនោះ ទើបក្រុមកីឡាករ- កីឡាការិនីរាំ ទទួលបានមេដាយមាស ចំនួន ៤ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។

អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បាននិយាយថាៈ ការប្រកួតនេះ មានប្រទេសចូលរួម ចំនួន ១៥ រួមមាន អូស្ត្រាលី កម្ពុជា ចិន អាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប៉ូឡូញ ចិនតៃប៉ិ ហុងកុង ម៉ុងហ្គោលី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម កូរ៉េ ប្រទេសបារាំង។ ចំណែកសហព័ន្ធកីឡា រាំកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិ ចំនួន ១៣ រូប៕/V-PC