​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កង​នា​វាទី​ប្រាំ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា​ខ្លួន​បាន​ស្ទាក់​ចាប់បាន​សារធាតុ​រំសេវ​ផ្ទុះ​ច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ទូក​នេសាទ​មួយ​ក្នុងពេល​វា​លួច​ដឹក​ទំនិញ​នេះ​​ចេញពី​អ៊ីរ៉ង់​និង​កំពុង​នៅតាម​ផ្លូវ​មួយ​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉ង់ ដែល​ធ្លាប់តែ​ជា​ផ្លូវ​ជួញដូរ​សព្វាវុធ​ទៅអោយ​ក្រុង​ឧទ្ទាម​ហូ​ទី​នៃ​ប្រទេស​យ៉េមែ​ន​។​

​កងកម្លាំង​អាម៉េរិក​បាន​រកឃើញ​សារធាតុ​អា​ម៉ូ​ញ៉ូម ពែរ​ក្លូ​រ៉ា​ត​(ammonium perchlorate)​ដែល​ជា​ធម្មតា​ត្រូវបាន​គេ​ប្រើ​សំរាប់​ផលិត​ឥន្ធនៈ​រ៉ុក្កែត​និង​កាំជ្រួច ព្រមទាំង​រំសេវ​ផ្ទុះ​។​

​ក្រុម​ចំរុះ​មួយ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ហូ​ទី​និង​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ចាប់តាំងពី​ឆ្នាំ​២០១៥ បាន​ធ្វើ​ការចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ថា អ៊ីរ៉ង់​ផ្គត់ផ្គង់​សព្វាវុធ​ដល់​​ក្រុម​ឧទ្ទាម​នៅ​យ៉េមែ​ន​នេះ តែ​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់​បដិសេធ​។​

​មេបញ្ជាការ​កងកម្លាំង​នាវា​អាម៉េរិក​ឧត្តមនាវី ប្រ៊ែ​ដ ឃូ​ភើ​(Brad Cooper)​បាន​និយាយថា​«​នេះ​ជា​សារធាតុ​គ្រឿងផ្ទុះ​ច្រើន​បំផុត ល្មម​ផលិត​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​បាន​រាប់សិប​ដើម​។​ការដឹក​​ជញ្ជូន​ទំនិញ​ដោយ​ខុសច្បាប់​ពី​អ៊ីរ៉ង់​មិនមែន​ចេះតែ​អាច​ធ្វើទៅបាន​ដោយ​គ្មាន​ការបង្ក្រាប​ទេ​។​វា​ជា​អំពើ​មិន​ទទួលខុសត្រូវ​និង​គ្រោះថ្នាក់ ព្រមទាំង​នាំ​ដល់​អំពើ​ហិង្សា​ព្រមទាំង​អស្ថិរភាព​នៅ​ទូទាំង​តំបន់​​មជ្ឈិម​បូព៌ា​»​។​

​នៅ​មិនទាន់​មាន​ការឆ្លើយតប​យ៉ាង​ណា​ពី​អ៊ីរ៉ង់​នៅឡើយ​ទេ​។​

​ទូក​ដែល​ត្រូវ​ស្ទាក់​ចាប់​មាន​សមាជិក​ជា​ជនជាតិ​យ៉េមែ​ន​បួន​នាក់ និង​ជីគីមី​១០០​តោន​សំរាប់​ប្រើ​ក្នុង​កសិកម្ម​តែ​ក៏​អាច​ប្រើ​សំរាប់​ផលិត​គ្រឿង​ផ្ទុះ​។​

​កងកម្លាំង​អាម៉េរិក​បាន​ពន្លិច​ទូក​ល្មើសច្បាប់​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ឈូង​សមុទ្រ​អូ​ម៉ង់​ដោយសារវា​គ្រោះថ្នាក់​ចំពោះ​នាវាចរណ៍​សំរាប់​នាវា​ពាណិជ្ជកម្ម​និង​សមាជិក​នាវិក​របស់​ទូ​ក​ត្រូវបាន​ប្រគល់​ទៅ​អោយ​កង​ឆ្មាំ​សមុទ្រយ៉េ​មែន​។​

​កាលពី​ខែ​ធ្នូ​ឆ្នាំមុន កង​នា​វាទី​ប្រាំ​នេះ​ក៏​ចាប់​បាន​ទំនិញ​កាំភ្លើង​និង​គ្រាប់​ចេញពី​ទូក​នេសាទ​មួយ​ដែល​គេ​ជឿ​ថា​ក៏​មាន​ប្រភព​ចេញពី​អ៊ីរ៉ង់​និង​នាំ​ទៅ​អោយ​ពួក​ហូ​ទី​៕

​នាវា​ឆ្មាំ​សមុទ្រ​អាម៉េរិក​USCGC John Scheuerman​និង​នាវា​ពិឃាត​USS The Sullivans​បាន​ស្ទាក់​ឃាត់​ទូក​សង្ស័យ​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉ង់ និង​បាន​រកឃើញ​សារធាតុ​អា​ម៉ូ​ញ៉ូម ពែរ​ក្លូ​រ៉ា​ត​​ក្នុង​ទំនិញ​ជីគីមី​១០០​តោន​