​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​បាន​ជំរុញ​មេដឹកនាំ G20​ឱ្យ “​បញ្ចប់សង្គ្រាម​”​នៅពេលដែល​លោក​បើក​កិច្ចប្រជុំ​កំពូល​​ដែល​គ្របដណ្តប់​ដោយ​រឿងរ៉ាវ​ជុំវិញ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​កំពុង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​លោក​វី​ដូ​ដូ​បាន​និយាយថា “​ការ​មាន​ទំនួល​ខុស​ត្រូវ មានន័យថា មិន​បង្កើត​ស្ថានភាព​ឈ្នះ​ចាញ់ ការទទួលខុសត្រូវ​នៅ​ទីនេះ​ក៏​មានន័យថា យើង​ត្រូវតែ​បញ្ចប់​សង្គ្រាម​ដែរ​”​។​

​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​កំពុង​ត្រៀម​លើកឡើង​អំពី​តម្លៃ​អាហារ​និង​ប្រេង​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​ដោយសារ​សង្គ្រាម​របស់​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន​ក្នុងអំឡុង​កិច្ចប្រជុំ​នេះ​។​

​ដោយ​សម្លឹង​ចេញ​សេចក្តីប្រកាស​រួម G20 ដែល​នឹង​ថ្កោលទោស​ការឈ្លានពាន​រយៈ​ពេល​ប្រាំបី​ខែ​និង​ការគំរាមកំហែង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ក្រុមមន្ត្រី​អាម៉េរិក​និង​អឺរ៉ុប​បានចាត់ទុក​កិច្ចប្រជុំ​កំពូល​​នេះ​ថា​ជា​ភស្តុតាង​នៃ​ភាព​ឯកោ​កាន់តែ​ជ្រាលជ្រៅ​របស់​រុស្ស៊ី​។​

​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា “​ខ្ញុំ​គិតថា​អ្នកនឹង​ឃើញ​សមាជិក​ភាគច្រើន​នៃ G20 បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ថ្កោលទោស​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​”​។​

​មន្ត្រី​រូប​នោះ​បាន​និយាយថា “​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នឹងត្រូវ​ថ្កោលទោស​ក្នុង​ពាក្យពេចន៍​ដ៏​ខ្លាំងក្លា​បំផុត​” ដោយ​បន្ថែម​ថា ប្រទេស​ភាគច្រើន​”​មើលឃើញ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែនជា​ប្រភព​ឫស​​គល់​នៃ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​និង​មនុស្សធម៌​ដ៏​ធំធេង​នៅក្នុង​ពិភពលោក​”​។​

​គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​សម្ពន្ធមិត្ត G20 របស់​រុស្ស៊ី​គឺ​ចិន ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង​នឹង​ចុះហត្ថលេខា​លើ​ភាសា ដែល​នឹង​ថ្កោលទោស​សង្គ្រាម​របស់លោក​ពូ​ទីន​ចំៗ​ឬ​យ៉ាងណា​។​ការ​ថ្កោលទោស​បែប​​នេះ​នៅ​ឯ​កិច្ចប្រជុំ G20 នឹង​ក្លាយជា​បរាជ័យ​ផ្នែក​ការទូត​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​តែ​ទោះ​យ៉ាងណា​មាន​តម្រុយ​អំពី​ភាព​មិន​ស្រណុកចិត្ត​របស់​ចិន​ជាមួយនឹង​ការបន្ត​សង្គ្រាម​របស់​រុស្ស៊ី នៅពេល​ប្រធានាធិបតី ស៊ី ជីន​ភីង និង ចូ បៃ​ដិន ជួប​គ្នា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។​

​សេត​វិមាន​បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​នាក់​បាន​សម្តែង​ការប្រឆាំង​ទៅ​នឹង “​ការប្រើប្រាស់​ឬ​ការ​គំរាម​ប្រើប្រាស់​” អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ឆា​ល មី​សែ​ល (Charles Michel) បាន​ផ្តល់​សញ្ញា​ថា ខណៈ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ត្រូវ​បាន​យល់ព្រម​ជា​គោលការណ៍ គេ​នៅ​មាន​ការងារ​ច្រើន​ទៀត​ត្រូវធ្វើ​។​

​លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេល​កិច្ចប្រជុំ​កំពូល​បាន​បើក យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​យើង​គួរតែ​ព្យាយាម​ប្រើប្រាស់​កិច្ចប្រជុំ​ថ្ងៃនេះ​និង​ថ្ងៃស្អែក​ដើម្បី​បញ្ចុះបញ្ចូល​ភាគី​ទាំងអស់​​ឱ្យ​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​រុស្ស៊ី​”៕

​លោក​វី​ដូ​ដូ​ជំរុញ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ពេល​ឡើង​ថ្លែង​បើក​ជំនួប​G20​កាលពី​ថ្ងៃ​អង្គារ​