​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់ចុះ​ក្នុង​អត្រា​ប្រចាំឆ្នាំ ១,២ ភាគរយ​ក្នុង​ត្រីមាស​ខែ​កក្កដា​ដល់​ខែ​កញ្ញា ដោយសារ​ការ​ប្រើប្រាស់​បាន​ធ្លាក់ចុះ​ចំ​ពេល​តម្លៃ​កើនឡើង​។​

​យោង​តាម​ទិន្នន័យ​ការិយាល័យ​ខុទ្ទកាល័យ​រដ្ឋាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​បាន​ឱ្យដឹងថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែល​បាន​កែតម្រូវ​តាម​រដូវ​កាល​សម្រាប់​សេដ្ឋកិច្ច​ធំជាងគេ​ទី​បី​របស់​ពិភពលោក​បាន​ធ្លាក់ចុះ ០,៣ ភាគរយ​នៅ​ត្រីមាស​នេះ​។

GDP​របស់​ជប៉ុន គឺ​ខ្សោយ​ជាង​អ្នកវិភាគ​បាន​រំពឹងទុក បន្ទាប់​ពី​កំណើន​មធ្យម​បី​ត្រីមាស​។ ដូច​ប្រទេស​ជាច្រើន​ទៀត​ដែរ ជប៉ុន​បាន​ទទួលរង​ផលប៉ះពាល់​ខណៈ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​បាន​វាយលុក​លើ​​ផលិតកម្ម​ឧស្សាហកម្ម​និង​ទេសចរណ៍​។​

​ការប្រើប្រាស់​ឯកជន​បាន​កើនឡើង ០,៣ ភាគរយ​ក្នុង​ខែ​កក្កដា​ដល់​ខែ​កញ្ញា គឺ​ធ្លាក់ចុះ​ពី​កំណើន ១,២ ភាគរយ​ដែល​បាន​កត់ត្រា​ក្នុង​ត្រីមាស​មុន​។ ការវិនិយោគ​ឯកជន​បាន​កើនឡើង ១,៥ ភាគរយ ដោយ​ធ្លាក់​ចុះ​ពី​កំណើន ២,៤ ភាគរយ​នៅក្នុង​ត្រីមាស​មុន​។​

​កត្តា​មួយទៀត​គឺ​ប្រាក់​យ៉េន​ជប៉ុន​បាន​ធ្លាក់ចុះ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេងទៀត ជាពិសេស​ប្រាក់​ដុល្លារ​អាម៉េរិក​។ ធនាគារកណ្តាល​អាម៉េរិក​បាន​កំពុង​រឹតបន្តឹង​អត្រា​ការប្រាក់​សំខាន់ៗ ប៉ុន្តែ​ធនាគារកណ្តាល​ជប៉ុន​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។​

​ភាពខុស​គ្នា​នៃ​អត្រា​ការប្រាក់​មាន​និន្នាការ​ជំរុញ​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ធៀប​នឹង​ប្រទេស​ដែល​មាន​អត្រា​សូន្យ ឬ​ដក​ដូច​ជប៉ុន នេះ​បើ​យោង​តាម​អ្នកវិភាគ​។​ប្រាក់​ដុល្លារ​​អាម៉េរិក ដែល​ជួញដូរ​នៅ​ប្រហែល ១១៥ យ៉េន​កាលពី​ឆ្នាំមុន ឥឡូវ​នេះ​មាន​តម្លៃ​ប្រហែល ១៤០ យ៉េន​៕

​មនុស្ស​ដើរ​ចូល​ក្នុង​ហាង​មួយ​នៅ​មជ្ឈមណ្ឌល​លក់ទំនិញ​ក្នុង​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២០