ដោយៈមុនីរ័ត្ន/ភ្នំពេញ៖រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋ​អាមេរិក​ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំកំពូលក្រៅ ផ្លូវការ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងអំឡុងខែធ្នូខាងមុខនេះតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ​កម្ពុជា។ កិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ នឹងប្រព្រឹត្តិធ្វើនៅខេត្តសៀមរាប។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោក ប៉ាទ្រីក មូហ្វី​ ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាតបតាមការអញ្ជើញ របស់ក្រសួងការពារជាតិកម្ពុជានោះ រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក នឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMM នេះនិងកិច្ចប្រជុំពាក់ព័ន្ធក្រៅផ្លូវការផ្សេងទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា។ដូច្នេះលោកអគ្គរដ្ឋទូតនិងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន ស្នើសុំកិច្ចសហការពីសម្ដេច និងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាដើម្បីចូលរួមរៀបចំអំពីកិច្ចដំណើរការនៃ កិច្ចប្រជុំនេះ សម្រាប់ការចូលរួមរបស់រដ្ឋមន្ត្រីការពារប្រទេស​សហរដ្ឋអាមេរិកនៅទីនោះផងដែរ ។

ក្នុងជំនួបនេះដែរសម្ដេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអាមេរិកថា ភាគីកម្ពុជាបានរៀបចំរួចជាស្រេចនៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ បដិសណ្ឋារកិច្ច ដល់ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់ដឹកនាំកំពូលកិច្ចប្រជុំក្រៅផ្លូវការ សម្រាប់ការចូលរួមកិច្ចដំណើរការរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលក្រៅផ្លូវការ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងអំឡុងខែធ្នូខាងមុខនេះ ។ ដូច្នេះរាល់សំណើនៃកិច្ចសហការរបស់ឯករដ្ឋទូត សម្ដេចរីករាយអបអរសាទរ និងទទួលយក ។

សម្ដេចពិជ័យសេនា ក៏បានបញ្ជាក់ថា នៅខែក្រោយនេះ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ រវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក រុស្សី នឹងឥណ្ឌា ផងដែរ។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះ ក៏នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់រយៈពេលខ្លី ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សារជាថ្មីម្ដងទៀតលោកទូតក៏បានថ្លែងអំណរគុណដល់សម្ដេចពិជ័យសេនាចំពោះការផ្ដល់ពេលវេលាដល់លោកក្នុងការត្រៀមខ្លួនដើម្បីបាន ចូលរួមសហការក្នុងកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ ។ ឯកឧត្តម អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៅប្រទេសមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកស្ថានភាពដើមវិញនោះ ។

ទាក់ទងដល់កិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកក្នុងសង្គ្រាមនៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រិច មូភី ក៏បានស្នើសុំផ្ដល់ការគាំទ្រ ពីសម្ដេចពិជ័យសេនា បន្តពង្រឹងពង្រីកិច្ចសហប្រតិបត្តិការរវាងក្រុមការងារទាំងពីរ ក្នុងការស្រាវជ្រាវរុករកបន្តទៀតទៅតាមអ្វីដែលរដ្ឋាភិបាល និងកងទ័ពប្រទេសទាំងពីរបានព្រមព្រៀងគ្នា ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកងទ័ព និងប្រជាជនអាមេរិកដែលក្នុងរយៈពេលកន្លងមក តែងតែបានផ្ដល់ការគាំទ្រជួយឧបត្ថម្ភទាំងស្មារតីសម្ភារៈថវិកាដល់កម្ពុជា ពិសេសក្នុងរយៈពេលកន្លងមកបានជួយហ្វឹកហ្វឺនបណ្ដុះបណ្ដាលដល់កងទ័ពកម្ពុជា លើវិស័យដោះមីនសន្តិសុខលំហសមុទ្រ ជំនាញសង្គ្រោះគ្រោះមហន្តរាយ និងជំនាញកងរក្សាសន្តិភាព បោកសំអាតមីន សម្រាប់អង្គការសហប្រជាជាតិ ។ ពិសេសនៅ
ក្នុងឆ្នាំ២០០៩-២០១០ សហរដ្ឋអាមេរិកបានជួយសាងសង់សាលាហ្វឹកហ្វឺនកងរក្សាសន្តិភាព អា សេ អូ (ACO) នៅក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងបានផ្ដល់នៅសម្ភារៈមួយចំនួនទៀត នឹងបានជួយផ្ដល់ការគាំទ្រឲ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃលំហាត់ហ្វឹកហ្វឺន ជី ផយ GPOI ឆ្មាំអង្គរ២០១០។តាមរយៈលំហាត់ហ្វឹកហ្វឺនឆ្នាំអង្គរ២០១០នេះបានធ្វើឲ្យកងទ័ពកម្ពុជាចេញទៅបំពេញបេសកកម្មនៅបរទេសកាន់តែមានការកើនឡើង ។

សម្ដេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា ជោគជ័យនៃបេសកកម្មរក្សាសន្តិភាព របស់កងទ័ពកម្ពុជាគឺមិនអាចកាត់ផ្ដាច់ បានពីការគាំទ្ររបស់សហរដ្ឋអាមេរិកឡើយ ។ សម្ដេចពិជ័យសេនា ក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គរដ្ឋទូតអាមេរិកថា សម្ដេច នឹងពន្លឿនដល់ក្រុមការងារដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមជំនាញកងទ័ពសហរដ្ឋអាមេរិកក្នុងការស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកក្នុងសង្គ្រាមនៅកម្ពុជា បន្តទៀតបន្ទាប់ពីជំងឺកូវីដ១៩ បានបញ្ចប់ទៅ។

សម្ដេចសង្ឃឹមថា តាមរយៈនៃកិច្ចសហប្រតិការរវាងរដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរកម្ពុជា អាមេរិក នឹងធ្វើឲ្យប្រទេសយើងទាំងពីរ កាន់តែពង្រឹងពង្រីកបាន ការរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែជិតស្និទ្ធ។
សូមជម្រាបថា​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីរសៀលថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យតាមសណ្ឋាគា និង គោលដៅការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រតិភូកិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប ៕​សរន