ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនិងលោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីនៅក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តដែលបានប្រារព្វធ្វើឡើងនៅសាលាក្រុងស្វាយរៀងខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមានលោក.លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត.សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង.សង្កាត់ទាំង៧និងប្រជាពលរដ្ឋ។

លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងបានមានប្រសាសន៍ថាៈ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍និងសំណូមពរនានាសម្រាប់ការពិភាក្សានិង តាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឈានទៅធ្វើការកែលម្អនិងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នាឱកាសនោះលោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀងក៏បានជម្រាបជូនផងដែរអំពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត. ជាពិសេសគឺបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តនាពេលកន្លងមកមានជាអាថ៌.គ្រោះមហន្តរាយធម្មជាតិដូចជាការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ បានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែកើតមាន។ គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានដោយសារអ្នកបើកបរខ្វះការយោគយល់គ្នា ខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាព្រសវឹង។ ការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតែកើតមានក៏ដូចជាការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជននិងនៅតាមរោងចក្រ សហគ្រាសអនុវត្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងការចូលរួមនៅមានកម្រិត។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថាៈ អ្វីដែលជាបញ្ហាប្រឈមមួយទៀតនោះគឺនៅតាមក្រុង/ស្រុកមួយចំនួនមិនទាន់មានទីលានចាក់សំរាមឱ្យបានសមស្របតាមបទដ្ឋានបច្ចេកទេសនិងមិនទាន់មានក្រុមហ៊ុនប្រមូលសំរាមថែមទៀតផង៕/PC