ដោយ៖ដេប៉ូ/ត្បូងឃ្មុំ៖ ក្រសួងបរិស្ថានតាមរយៈនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានរៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក‌‍‍‍”ដើម្បីផ្សព្វផ្សាយផលប់ះពាល់កើតចេញពីប្លាស្ទិក និងការកាត់បន្ថយប្លាស្ទិក នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ពិធីនេះត្រូវបានរៀបចំឡើងនា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី អាយ៉ាកូ មីស៊ូណូ ( Ayako Misuno) អ្នកគ្រប់គ្រងកម្មវិធី នៃវិទ្យាស្ថាន ERIA និងមន្រ្តីពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប។
ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងថា កម្មវិធីនេះ មានគោលបំណង៖ (១) បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបានទស្សនទានមេត្រីបរិស្ថាន (២) បង្ហាញពីផលប៉ះពាល់អវិជ្ជមានប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពទៅដល់យុវជន ដើម្បីអនាម័យបរិស្ថានសាលារៀន ភូមិឃុំ និងសហគមន៍។ កម្មវិធីនេះដែរ ក៏បានរៀបចំម្តងរួចមកហើយ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកស្រី ងិន លីណា អគ្គនាយិការងអ.គ.យ. លោកអភិបាលរងខេត្តកំពង់ចាម និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់៕/PC