ដោយៈ មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញ៖មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍ សាស្ត្រាចារ្យ សុងហូ កាង គឺជាសហប្រធានវេទិកាប្រវត្តិសាស្ត្រអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅតំបន់អាស៊ីខាងកើត នៃប្រទេសកូរ៉េខាងត្បូង បានធ្វើដំណើរមកទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តអន្លង់វែង។ លោកសាស្ត្រាចារ្យមានការចំណាប់អារម្មណ៍ និងចង់ឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហមដើម្បីងាយស្រួលក្នុងការដឹកនាំសិស្សនិងនិស្សិតមកពីប្រទេសកូរ៉េខាងត្បូងមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

រួមដំណើរជាមួយសហការីជនជាតិកូរ៉េខាងត្បូង សាស្រ្តាចារ្យ សុងហូ កាង បានធ្វើដំណើរមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ អន្លង់វែង គឺជាស្រុកមួយដ៏មានសក្ដានុពលលើផ្នែកសេដ្ឋកិច្ចនិងផ្នែកទេសចរណ៍ក្នុងខេត្ត ឧត្តរមានជ័យ។លើសពីនេះទៅទៀតតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ចំនួន១៤អាចផ្តល់នូវចំណេះដឹងនិងបទពិសោធន៍ដល់អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ តំបន់ប្រវត្តិសាស្រ្តអន្លង់វែងបានផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តយោធា ដែលធ្វើឲ្យតំបន់នេះកាន់តែមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជា ប្រទេសនៅក្នុងអាស៊ាន និងពិភពលោក។ ស្រុកអន្លង់វែង គឺជាទីកន្លែងដែលផ្ដល់នូវសន្តិភាព ការផ្សះផ្សា និងការរួមរស់ជាមួយរាជរដ្ឋាភិបាល បន្ទាប់ពីបញ្ចប់សង្គ្រាមរុំារ៉ៃនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានអត្ថាធិប្បាយអំពីគម្រោង និងផែនការនានាទាក់ទងនឹងការបង្រៀនប្រវត្តិសាស្ត្រ ការថែរក្សា និងអភិរក្សតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ប្លង់គោលដើម្បីអភិវឌ្ឍន៍ស្រុកអន្លង់វែង និងបានជូនលោកសាស្ត្រាចារ្យទៅសិក្សា និងពិនិត្យមើលទីតាំងប្រវត្តិសាស្រ្តសំខាន់ៗដូចជា សារមន្ទីរផ្ទះតាម៉ុក កន្លែងបូជាសព ប៉ុល ពត និងផ្ទះប្រជុំរបស់តាម៉ុកលើកំពូលភ្នំដងរែក (ដែលបច្ចុប្បន្ននេះគឺជា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង)។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះលោកសុងហូកាងនិងសហការីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងចំពោះការទទួលស្វាគមន៍ និងការរាក់ទាក់យ៉ាងកក់ក្ដៅបំផុត៕សរន

សហប្រធានអង្គការវេទិកាប្រវត្តិសាស្រ្ត សម្រាប់សន្តិភាព អាស៊ីខាងកើតទៅទស្សនកិច្ចនៅអន្លង់វែង(រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)