ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អាជ្ញាធរបាននិយាយថា ទូកមួយដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១១១នាក់ រួមមានស្រ្តីនិងកុមារ បានចូលចតឆ្នេរក្នុងខេត្តអាចេ របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារទី១៥វិច្ឆិកាចំពេលរដូវហូរចេញជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ាចេញពីប្រទេសមីយ៉ាន់ម៉ាភាគពាយព្យបានចាប់ផ្តើម។

ក្រុមជនរ៉ូហ៊ីងយ៉ា ដែលត្រូវបានធ្វើទុក្ខបុកម្នេញនៅក្នុងមីយ៉ាន់ម៉ា បានព្យាយាមធ្វើដំណើតតាមទូកដ៏គ្រោះថ្នាក់ទៅកាន់ប្រទេសផ្សេងៗ ដូចជាម៉ាឡេស៊ី ថៃនិងឥណ្ឌូនេស៊ី នៅរវាងខែវិច្ឆិកានិងមេសា នៅពេលសមុទ្រស្ងប់រលក។ពួកគេរាប់រយនាក់បានទៅដល់ខេត្តអាចេនៅប៉ុន្មានឆ្នាំមកនេះក្រោយចំណាយពេលធ្វើដំណើរក្នុងសមុទ្ររាប់ខែ។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមជន់រ៉ូហ៊ីយ៉ាត្រូវបានចាត់ទុកជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស ទោះជាពួកគេកើតនៅទីនោះបង្កើនកូនចៅរាប់ជំនាន់មកហើយក្តី។

ហាំដានី (Hamdani)អ្នកនាំពាក្យរដ្ឋាភិបាលខេត្តអាចេខាងជើង បាននិយាយថា មនុស្ស១១១នាក់នៅក្នុងទូក ក្នុងនេះមានស្រ្តី២៧នាក់និងក្មេង១៨នាក់ ។«ពួកគេមានសុខភាពល្អ។ពួកគេបានឡើងគោករួចហើយ និងកំពុងត្រូវបានមន្រ្តីមូលដ្ឋានមើលថែដោយយកចិត្តទុកដាក់»។

លោកបានបន្ថែមថា អាជ្ញាធរនឹងប្រជុំសំរេចថាតើត្រូវធ្វើយ៉ាងណាជាមួយក្រុមជនភៀសខ្លួននេះ។

សូមបញ្ជាក់ថា ជនរ៉ូហ៊ីងយ៉ាជាង៧៣០.០០០នាក់បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ានៅឆ្នាម២០១៧ក្រោយយោធាបង្រ្កាបរួមមានការសម្លាប់និងចាប់រំលោភ។ក្រុមសិទ្ធិមនុស្សបានចងក្រងឯកសារស្តីពីការសម្លាប់ជនស៊ីវិលនិងដុតភូមិពួករ៉ូហ៊ីងយ៉ាពីសំណាក់យោធាមីយ៉ាន់ម៉ា។

អាជ្ញាធរមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនប្រយុទ្ធប្រឆាំងនឹងការបះបោរមួយនិងបានបដិសេធថាមិនបានប្រព្រឹត្តអំពើព្រៃផ្សៃជាប្រព័ន្ធដូចការចោទប្រកាន់ទេ៕

ជនរ៉ូហ៊ីងយ៉ា១១១នាក់បានឡើងគោក និងកំពុងត្រូវបានមន្រ្តីមូលដ្ឋានមើលថែដោយយកចិត្តទុកដាក់នៅខេត្តអាចេកាលពីថ្ងៃអង្គារ