ដោយៈ ហ៊ាន ពិសី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញ៖នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២មជ្ឈមណ្ឌលសន្តិភាព អន្លង់វែងបានរៀបចំវេទិកាថ្នាក់រៀនស្ដីអំពី “ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”ដោយមានការចូលរួមពីយុវជន ចំនួន១២នាក់មកពីវិទ្យាល័យអន្លង់វែង។វេទិកានេះធ្វើក្នុងគោលបំណង”លើកកម្ពស់លើការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការខ្មែរក្រហម”។

ថ្នាក់រៀននេះ ចាប់ផ្ដើមឡើងដោយឲ្យសិស្សានុសិស្សធ្វើការគិតនូវសំណួរមួយដែលខ្លួនចង់ដឹងបំផុតអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាផ្នែកមួយនៅក្នុងការយកមកពិភាក្សា។ សំណួរទី១) តើរបបខ្មែរក្រហមបង្កើតឡើងក្នុងគោលបំណងអ្វី? ទី២) មូលហេតុអ្វីដែលនាំឲ្យកើតអំពីប្រល័យពូជសាសន៍? ទី៣) តើរបបកម្ពុជាប្រជាធិបតេយ្យមានផលប៉ះពាល់អ្វីខ្លះដល់ប្រជាជន និងសង្គមជាតិ។ ទី៤) រាល់សមិទ្ធផលកសិកម្មដែលប្រមូលផលបាននៅសម័យនោះ ខ្មែរក្រហមបញ្ជូនទៅណា ហេតុអ្វីធ្វើឲ្យប្រជាជនជួបការអត់ឃ្លាន? ទី៥) របបកម្ពុជាប្រជាធិបតេយ្យ ផ្ដោតទៅលើវិស័យអ្វីដែលសំខាន់ជាងគេ? ទី៦) តើមេដឹកនាំសម័យខ្មែរក្រហមបានដឹងអំពីការប្រព្រឹត្តអំពើឃោរឃៅមកលើប្រជាជនដែរឬទេ? ទី៧) តើការរៀបការប្រជាជននៅសម័យនោះរៀបចំឡើងយ៉ាងដូចម្ដេច? ទី៨) ហេតុអ្វីបានជាសម័យនោះខ្មែរក្រហមសម្លាប់ខ្មែរគ្នាឯង?។


បន្ទាប់មកបណ្ឌិត លី សុខឃាង បានធ្វើការបង្ហាញអំពីរបៀបនៃការចេះប្រើប្រាស់ឯកសារ ក៏ដូចជាការស្វែងរកចម្លើយពីក្នុងសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ វិធីនេះបានជំរុញឲ្យសិស្សអាចធ្វើការងារបានយ៉ាងរហ័ស ក្លាហាន និងអាចធ្វើការបញ្ចេញមតិនូវអ្វីដែលខ្លួនបានគិតនឹងស្វែងយល់ អំពីរឿងរ៉ាវអតីតកាលដែលបានកើតឡើងកាលពី៤០ឆ្នាំមុន។ របបខ្មែរក្រហមបានអនុវត្តគោលនយោបាយ និងមនោគមវិជ្ជាបែបជ្រុលនិយម ធ្វើឲ្យមនុស្សជិតពីរលាននាក់បានស្លាប់ ដោយការបង្ខំឲ្យធ្វើការធ្ងន់ហួសកម្លាំង បង្អត់អាហារ និងការធ្វើទារុណកម្មរហូតដល់ស្លាប់។

អំពើទាំងអស់នេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការស្អប់ខ្ពើម ការរើសអើង រហូតឈានទៅការប្រព្រឹត្តនូវអំពើប្រល័យពូជសាសន៍ ដែលជាការបំផ្លិចបំផ្លាញទាំងស្រុង ឬដោយផ្នែកទៅលើក្រុមពូជសាសន៍ សាសនា ជនជាតិ និងជាតិពន្ធុ។
ក្នុងចំណោមសិស្សទាំង១២នាក់ មានសិស្សម្នាកយល់ឃើញថា “យុវជនជំនាន់ក្រោយមិនថារស់នៅអន្លង់វែង ឬក៏ខេត្តណានៃប្រទេសកម្ពុជាទេសុទ្ធតែជាអ្នកដែលមានឪពុកម្ដាយ ឬជីដូនជីតា ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ ដូច្នេះបើមាននរណាម្នាក់ហៅយើងថា ខ្មែរក្រហម យើងពុំគួរខឹងទេ តែយើងត្រូវឆ្លើយតបទៅវិញថា អ្នកដែលរស់រានមានជីវិតក្រោយរបបខ្មែរក្រហមគឺគ្មានកំហុសទេ ព្រោះដំណើរការនៃកាត់ទោសមេដឹកនាំខ្មែរក្រហមបានបញ្ចប់ និងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនរួចរាល់ហើយ។

បើទោះបីមេដឹកនាំទាំងនោះឆ្លើយបដិសេធថាខ្លួនមិនបានដឹងរឿងរ៉ាវទាំងអស់នេះក៏ដោយ ព្រោះតុលាការបានរកឃើញភ័ស្តុតាងគ្រប់គ្រាន់ដើម្បីសម្រេចកាត់ទោសមេដឹកនាំទាំងនោះ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិនិងច្បាប់អន្តរជាតិ”។
ជាចុងបញ្ចប់នៃកម្មវិធីក៏មានការពន្យល់បង្ហាញពីផែនទី ទីតាំងប្រវត្តិសាស្រ្តទាំង១៤កន្លែង និងគម្រោងផែនការអភិវឌ្ឈន៍នៅក្នុងស្រុកអន្លង់វែង។

ទស្សនៈវិស័យនេះនឹងប្រែក្លាយអន្លង់វែងដែលជាតំបន់តស៊ូចុងក្រោយបង្អស់របស់ខ្មែរក្រហម ឲ្យទៅជាទីតាំងដែលមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

ហ៊ីម អ៊ីហុង ភេទស្រី អាយុ១៨ឆ្នាំ សិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យអន្លង់វែង និយាយថា «យើងមិនអាចទាញពេលវេលាត្រឡប់ក្រោយ ដើម្បីកែបញ្ហាដែលធ្លាប់កើតមាននៅក្នុងរបបឃោរឃៅមួយនេះបានទេ។ អ្វីដែលយើងដែលយើងអាចធ្វើបាន ក្នុងនាមជាយុវជនជំនាន់ក្រោយគឺត្រូវសិក្សាពីប្រវត្តិសាស្រ្តមួយនេះឲ្យច្រើន ព្រោះវាបានឆ្លុះបញ្ចាំងឲ្យយើងឃើញថា ការដឹកនាំបែបកុម្មុយនីស្ត បែបផ្ដាច់ការ វាមានផលប៉ះពាល់ណាស់ចំពោះប្រជាជន ក៏ដូចជាសង្គមជាតិ។ ជាក់ស្តែងដូចជាដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលបង្កើតឡើងដើម្បីដាក់ទោស ក៏ដូចជាស្វែងរកយុត្តិធម៌ជូនប្រជាជន។ ទោះបីមិនអាចជួយឲ្យអ្នកដែលបាត់ជីវិតស្លាប់ហើយរស់ឡើងវិញ ប៉ុន្តែវាក៏បានស្វែងរកយុត្តិធម៌ និងធ្វើជាគំរូមួយសម្រាប់យុវជនកុំឲ្យដើរតាមគន្លងអតីតកាលខ្មៅងងឹតនេះម្ដងទៀត»។

អៀម បូប្ផា ភេទស្រី អាយុ១៧ឆ្នាំ សិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យអន្លង់វែង និយាយថា «ការសិក្សាពីសាស្រ្តប្រវត្តិសាស្រ្ត មានសារសំខាន់ណាស់ក្នុងនាមយើងជាអ្នកជំនាន់ក្រោយព្រោះអាចឲ្យយើងដឹងពីការផ្លាស់ប្ដូរពីសម័យកាលមួយទៅសម័យកាលមួយទៀត។ ជាពិសេសអាចធ្វើឲ្យយុវជនមានការផ្លាស់ប្តូរផ្នត់គំនិត មានការគិតវែងឆ្ងាយ ជៀសវាងកុំឲ្យកើតមានការរើសអើង ឬស្អប់ខ្ពើមគ្នា ដែលនាំឲ្យកើតមានអំពើប្រល័យពូជសាសន៍បន្តទៀត»។

ហៀត រតនា ភេទប្រុស អាយុ១៨ឆ្នាំ សិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យអន្លង់វែង និយាយថា «ខ្ញុំចូលចិត្តរៀនពីប្រវត្តិសាស្រ្តនេះណាស់ ដោយសារតែនៅមានរឿងរ៉ាវជាច្រើនដែលបានបង្រៀនឲ្យយើងដែលជាយុវជនជំនាន់ក្រោយទុកជាគំរូ។ របបនេះបានសម្លាប់ប្រជាជនអស់ជាច្រើន ប៉ុន្តែអ្នកដែលត្រូវជាប់ទោសពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនេះមានតែមេដឹកនាំកំពូលប៉ុន្មាននាក់។ សម្រាប់ខ្ញុំគិតថាវាពុំទាន់ស័ក្តិសម នៅឡើយទេដោយសាររឿងនេះនៅមានអ្នកផ្សេងទៀតដែលគួរតែត្រូវបានយកមកកាត់ទោសដែរ»៕សរន

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២មជ្ឈមណ្ឌលសន្តិភាព អន្លង់វែងបានរៀបចំវេទិកាថ្នាក់រៀនស្ដីអំពី “ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)​”​ដោយមានការចូលរួមពីយុវជន ចំនួន១២នាក់មកពីវិទ្យាល័យអន្លង់វែង។វេទិកានេះធ្វើក្នុងគោលបំណង”លើកកម្ពស់លើការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការខ្មែរក្រហម”(រូបថត មជ្ឈមណ្ឌលសន្តិភាព អន្លង់វែង)