​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខុស​ពី​ដៃគូ​ប្រជែង​របស់​ខ្លួន​មួយចំនួន​ដូចជា Samsung និង Huawei ក្រុមហ៊ុន Apple នៅ​មិន​ទាន់​បញ្ចេញ​ទូរស័ព្ទ​អាច​បត់​បាន​នៅឡើយ​ទេ បើទោះបីជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កំពុង​ធ្វើ​ការងា​រលើ​ទូរស័ព្ទ​បែប​នេះ​ក្តី​។​

​ឥឡូវនេះ YouTuber នៅក្នុង​ប្រទេស​ចិន​បាន​បង្កើត​គំរូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​បង្ហាញ​ទូរស័ព្ទ iPhone ដែល​បត់​ពាក់កណ្តាល​អេក្រង់​បាន​។​

​គំរូ​ដើម ដែល​មានឈ្មោះ​ថា iPhone V ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​វិស្វករ ដោយ​ប្រើ iPhone X និង​យន្តការ​បត់​បាន​ពី​ទូរស័ព្ទ Razr របស់​ក្រុមហ៊ុន Motorola​។​

iPhone V ដែល​ចំណាយ​ពេល​ជាង ២០០ ថ្ងៃ​និង​ប្រាក់​រាប់ពាន់​ដុល្លារ​ក្នុង​ការកែច្នៃ​នោះ ក៏​មាន​អក្សរ iPhone ពណ៌​ប្រាក់​នៅ​លើ​គន្លឹះ និង រូបតំណាង​ផ្លែ​ប៉ោម​ដ៏​ល្បី​របស់ Apple នៅ​ខាងក្រោយ​ផងដែរ​។​

​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​កំពូល​ទាំង​ប្រាំពី​ររបស់​ពិភពលោក មាន​ប្រាំមួយ​បាន​ណែនាំ​រួច​ហើយ​នូវ​ទូរស័ព្ទ​អេក្រង់​ដែល​អាច​បត់​បាន​គឺ Samsung, Motorola, Huawei, Oppo, Xiaomi និង Vivo ប៉ុន្តែ​ក្រុមហ៊ុន​ទី​ប្រាំពីរ​គឺ Apple មិន​បាន​បញ្ចេញ​ទូរស័ព្ទ​បត់​បាន​នោះ​ទេ​។​

​ឆា​នែ​ល YouTube របស់​ចិន Technological Aesthetics បាន​បង្ហោះ​វីដេអូ​នេះ ដែល​រៀបរាប់​លម្អិត​អំពី​បេសកកម្ម​ដ៏​លំបាក​ជា​ច្រើន​ខែ​ក្នុង​ការផលិត​ឧបករណ៍​នេះ​ឡើង​។​

​លោក ណា យ៉ាន (Na Yan) នៅ​ឆា​នែ​ល Technological Aesthetics បាន​និយាយថា “​វា​ត្រូវ​ចំណាយពេល​ជាង ២០០ ថ្ងៃ​នៃ​ការខិតខំ​ប្រឹងប្រែង និង​ចំណាយ​លុយ​អស់​ច្រើន​ណាស់​។ នៅ​ថ្ងៃ​ខាងមុខ យើង​ចង់​បន្ត​កែលម្អ iPhone អាច​បត់​បាន​មួយ​នេះ​”​។​

​សរុបមក iPhone V មើល​ទៅ​ស្រដៀង​ទៅនឹង Galaxy Z Flip របស់ Samsung ដែល​បើក​ដូច​ទូរស័ព្ទ​ជំនាន់​ទសវត្សរ៍ ៩០ ដោយសារ​មាន​គន្លឹះ​ផ្តេក​កាត់​កណ្តាល​អេក្រង់​។​

​ប៉ុន្តែ​ក្រុម​ការងារ​បាន​ប្រើ iPhone X អាយុ​ប្រាំ​ឆ្នាំ ដើម្បី​បំប្លែង​វា​ទៅ​ជា​ទូរស័ព្ទ​បត់​បាន ដែល​មាន​រូបរាង​ទំនើប ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 16​។​

​ក្រុម​វិស្វករ​បាន​ប្រើ​អេក្រង់ OLED របស់​ទូរស័ព្ទ ដែល​ខ្លួន​វា​ផ្ទាល់​មាន​ភាព​បត់បែន​បាន ទោះបីជា​នៅក្នុង iPhone វា​ត្រូវ​បាន​គ្រប​ដោយ​កញ្ចក់​ក្រៅ​រឹង​ក៏ដោយ​។​

​ក្រុម​ការងារ​ក៏​បាន​រៀបចំ​ផ្នែក​ខាង​ក្នុង​របស់ iPhone X ឡើង​វិញ​ផង​ដែរ ដើម្បី​អាច​បត់​វា​ចូលគ្នា​បាន និង​ខ្ចី​រចនាសម្ព័ន្ធ​បត់បែន​បាន​ពី​ទូរស័ព្ទ Motorola Razr ទោះបីជា​ពួកគេ​បាន​ពិចារណា​ប្រើ​យន្តការ​ពី​ទូរស័ព្ទ Galaxy Z Flip របស់ Samsung ក៏ដោយ​។​

​ក្រុម​វិស្វករ​បាន​សារភាពថា លទ្ធផល​នេះ​គឺជា “​គំរូ​ដើម​មិន​ពេញលេញ​ទេ​” ព្រោះ​វា​មាន​បញ្ហា​ច្រើន ដែល​អាច​ដឹង​ច្បាស់​បន្ទាប់ពី​ប្រើ​បាន​មួយរយៈ​។​

​ឧទាហរណ៍​ជាក់ស្តែង​វា​មាន​ចន្លោះ​ពេល​បត់ ហើយ​បន្ទាប់​ពី​ប្រើ​បាន​ពីរ​បី​ថ្ងៃ វា​មាន​ស្នាម​ផ្នត់​ផ្តេក​និង​ពពុះ​បែក​នៅក្រោម​អេក្រង់ ដែល “​មិន​អាច​ជួសជុល​បានទេ​”​។​

​លើសពីនេះ​ទៀត ប្រសិនបើ​ទូរស័ព្ទ​ត្រូវ​បិទ​ជិត​ទាំងស្រុង នោះ​អេក្រង់​ទាំងមូល​ត្រូវ​ខូច​មិនអាច​ត្រឡប់​មក​សភាព​ដើម​វិញ​បានទេ​។​

​វា​ក៏​ប្រើប្រាស់​ថាមពល​ថ្ម​តូច ១.០០០ mAh ផង​ដែរ​បើ​ធៀប​នឹង​ថ្ម ៤.៣៥២ mAh នៅលើ iPhone 13 Pro Max ដូច្នេះ​វា​កាន់​ថ្ម​មិន​បាន​ពេញ​មួយ​ថ្ងៃ​ទេ​៕

​ក្រុម​ការងារ​បាន​ប្រើ iPhone X អាយុ​ប្រាំ​ឆ្នាំ ដើម្បី​បំប្លែង​វា​ទៅ​ជា​ទូរស័ព្ទ​បត់​បាន​