​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកជំនាញ​និយាយថា ពិភពលោក​កាន់តែ​ក្តៅ​ឡើងៗ​និង​មាន​មនុស្ស​កាន់តែ​ច្រើនឡើងៗ ហើយ​បញ្ហា​ទាំងពីរ​មាន​ទំនាក់ទំនង​នឹង​គ្នា ប៉ុន្ត​មិន​មាន​ទំនាក់ទំនង​​ខ្លាំង​ដូច​ដែល​មនុស្ស​បាន​គិត​នោះទេ​។​

​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​កន្លែង​ណាមួយ​ប្រហែលជា​មាន​ទារ​កកើត ហើយ​ក្លាយជា​មនុស្ស​ទី ៨ ពាន់​លាន​របស់​ពិភពលោក នេះ​បើ​យោង​តាម​ការព្យាករណ៍រ​បស់​អង្គការសហប្រជាជាតិ​និង​អ្នកជំនាញ​ផ្សេងទៀត​។ ផែនដី​បាន​ឡើង​កម្តៅ​ស្ទើរតែ ០,៩ អង្សា​សេ ចាប់តាំងពី​ពិភពលោក​មាន​មនុស្ស​កើនឡើង​ដល់ ៤ ពាន់​លាន​នាក់​ក្នុង​ឆ្នាំ ១៩៧៤​។​

​អាកាសធាតុ​និង​ចំនួន​ប្រជាជន​គឺជា​ប្រធានបទ​ដ៏​ពិបាក​សម្រាប់​អ្នកវិទ្យាសាស្ត្រ​និង​ពួក​មន្ត្រី​។​

​អ្នកជំនាញ​ខាង​អាកាសធាតុ​និង​ប្រជាសាស្ត្រ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press​ថា ខណៈ​មនុស្ស​កាន់តែ​ច្រើន​ដែល​ប្រើប្រាស់​ថាមពល​កំពុង​ធ្វើ​ឱ្យ​ភពផែនដី​កាន់តែ​ក្តៅ បញ្ហា​សំខាន់​គឺ​ថា​ចំនួន​មនុស្ស​ច្រើន​មិន​បាន​បង្ក​ឱ្យ​មាន​កម្តៅ​ផែនដី​ខ្ពស់​ដូច​ចំណែក​មនុស្ស​មួយ​ក្រុម​តូច​ដែល​បំភាយ​កា​បូន​ច្រើន​នោះ​ឡើយ​។​

​លោកស្រី វ៉ាណេ​ស​សា ប៉េ​រ៉េស ស៊ី​សេ​រ៉ា (Vanessa Perez-Cicera) នាយក​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សកល​នៅ​វិទ្យាស្ថាន​ធនធាន​ពិភពលោក បាន​និយាយថា “​យើង​ពិតជា​មាន​បញ្ហា​ចំនួន​ប្រជាជន​។ ប៉ុន្តែ​ខ្ញុំ​គិតថា​រឿង​សំខាន់​បំផុត​គឺ​យើង​មាន​បញ្ហា​ការប្រើប្រាស់​លើស​ចំណុះ​”​។​

“​ហើយ​ដោយសារតែ​រឿង​នេះ កូន​ទី ៨ ពាន់​លាន ដែល​បាន​កើតមក នឹង​មិន​មាន​អ្វី​ដែល​យើង​មាន​ទេ​…​ព្រោះ​មិន​មាន​ធនធាន​គ្រប់គ្រាន់​”​។​

​ប្រទេសកេន​យ៉ា ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ដ៏​មហន្តរាយ មាន​ប្រជាជន​ចំនួន ៥៥ លាន​នាក់ គឺ​ប្រហែល ៩៥ ដង​ខ្ពស់ជាង​ចំនួន​ប្រជាជន​នៅ​រដ្ឋ​វី​អូ​មីង (Wyoming)​។​ប៉ុន្តែ​រដ្ឋ​វី​អូ​មីង​​បញ្ចេញ​កាបូនឌីអុកស៊ីត​ខ្ពស់​ជាងកេន​យ៉ា ៣,៧ ដង​។ ទ្វីបអាហ្វ្រិក​ទាំងមូល​មាន​ចំនួន​ប្រជាជន ១៦,៧ ភាគរយ​លើ​ពិភពលោក ប៉ុន្តែ​ជា​ប្រវត្តិសាស្ត្រ​បាន​បញ្ចេញ​កាបូន​ត្រឹមតែ ៣​ភាគរយ​លើ​ពិភពលោក​​ប៉ុណ្ណោះ ខណៈ​សហរដ្ឋ​អាម៉េរិក​មាន​ប្រជាជន ៤,៥ ភាគរយ​នៅលើ​ផែនដី ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ១៩៥៩ មក​បាន​បញ្ចេញ​កាបូន​ឌីអុកស៊ីត​ដែល​បង្ក​កម្តៅ​ផែនដី​ដល់​ទៅ ២១,៥ ភាគរយ​។​

​ជា​មធ្យម​ជនជាតិ​កាណាដា អា​រ៉ាប៊ីសាអូឌីត និង​អូស្ត្រាលី​បាន​បញ្ចេញ​កាបូនឌីអុកស៊ីត​លើ​អាកាស ១០​ដង​ខ្ពស់ជាង​ប្រជាជន​ប៉ា​គី​ស្ថាន​កន្លែង​ដែល​មួយ​ភាគបី​នៃ​ប្រទេស​ត្រូវ​បាន​ជន់​លិច​នៅ​ក្នុង​ព្រឹត្តិ​​ការណ៍​កាន់តែ​អាក្រក់​ទៅៗ​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ហើយ​នៅក្នុង​ប្រទេស​កាតា ការបំភាយ​ឧស្ម័ន​សម្រាប់​មនុស្សម្នា​ក់ៗ​គឺ ២០ ដង​ខ្ពស់ជាង​ប៉ា​គី​ស្ថាន នេះ​បើ​យោងតាម​ធនាគារពិភពលោក​។​

​អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ​លោក ប៊ី​ល ហ៊ែ (Bill Hare) នៃ​ស្ថាប័ន Climate Analytics បាន​និយាយថា “​សំណួរ​មិនមែន​អំពី​ចំនួន​ប្រជាជន​ទេ ប៉ុន្តែ​ជា​អំពី​គំរូ​នៃ​ការប្រើប្រាស់​។ ដូច្នេះ​វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការចាប់ផ្តើម​ពិនិត្យ​មើល​ពួក​អ្នក​បញ្ចេញ​ឧស្ម័ន​នៅ​ភាគ​ខាងជើង​ដ៏​សំខាន់​”៕

​មនុស្សម្នា​មកលេង​ឆ្នេរ Juhu នៅ​សមុទ្រ​អារ៉ាប់ ក្នុង​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២