ដោយៈប.ខុន/ ភ្នំពេញ៖សំណើរសុំកាត់ឆ្វៀលដីមួយកន្លែងដែលទទឹង១០០ម៉ែត្របណ្តោយ១៨៧ម៉ែត្រស្ថិតនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុចេញពីគម្របព្រៃឈើឆ្នាំ២០០២ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋនិងធ្វើប្រទាន កម្មជាកម្មសិទ្ធិស្របច្បាប់របស់លោក ហ៊ីង ធីឫទ្ធិ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុបដិសេធន៍និងតម្រូវឱ្យរុះរើសំណង់និងការ្យផ្សេងៗចេញ ពីទីតាំងដីដែលបានស្នើសុំដោយខ្លួនឯង ដើម្បីរដ្ឋបាលខេត្តព្រះសីហនុរៀបចំដាំដើមកោងកាងឡើងវិញ។

រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២បានចេញលិខិត២៨៧/២២ ដោយយោងលិខិតលេខ៧០៨ សជណ.កធ ចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០២២របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង ពាក្យស្នើសុំចុះថ្ងៃទី៣ខែកក្កដាឆ្នាំ២០២២របស់លោកហ៊ីង ធីឫទ្ធិ បានជម្រាបទៅលោក ហ៊ីង ធីឫទ្ធិ ថា រាជរដ្ឋាភិបាលបានសម្រេចពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនលោកបានទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។ នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យលោកហ៊ីង ធីឫទ្ធិ រុះរើសំណង់ និងការ្យផ្សេងៗចេញពីទីតាំងដីដោយខ្លួនឯង ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការដាំដុះដើមកោងកាងឡើងវិញ។

កាលពីថ្ងៃទី១០វិច្ឆិកាកន្លងទៅនេះលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងដំណើរចុះពិនិត្យទីតាំងដាំដើមកោងកាងឡើងវិញនៅក្នុង កម្មវិធីប្រជុំក្លិបឆ្នេរដាច់គេលើលោកដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ២០២២នេះបានណែនាំដល់អភិបាលស្រុកព្រៃនប់ឱ្យចុះប្រាប់ម្ចាស់សំណង់រុះរើតាមសេចក្តីជូនដំណឹងបើមិនដូច្នេះទេ កម្លាំងរដ្ឋបាលស្រុកត្រូវចុះមករុះរើខ្លួនឯង។

លោកហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាថាសំណង់របស់ឈ្មោះហ៊ីង ធីឫទ្ធិនៅក្នុងតំបន់ទំនប់ប៉ូលឌែ៣គេកំពុងរុះរើចេញបណ្តើរៗហើយនៅថ្ងៃនេះ។ទំនប់ប៉ូលឌែ៣ពេលនេះកំពុងត្រូវបានធ្វើការជួសជុលថែទាំដោយមន្ទីរធនធានទឹកនិងឧតុនិយម៕សរន