ដោយៈ យោធិន / កំពង់ស្ពឺៈ ក្រុមគ្រូជំនាញ មកពីក្រុមហ៊ុនស្ពានចល័តបណ្តែតទឹក (CSSC) នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការងារហ្វឹកហ្វឺន ជំនាញបច្ចេកទេស ប្រើប្រាស់ស្ពានចល័តបណ្តែតទឹក ឲ្យដល់ក្រុមគ្រូបង្គោល មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានចាប់ផ្តើមដំណើរការ បើកវគ្គហ្វឹកហ្វឺន តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ដើម្បីត្រៀមចេញបំពេញ បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពហ្វឹកហ្វឺន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់កងកម្លាំងគ្រូបង្គោលមួកខៀវកម្ពុជា លើជំនាញប្រើប្រាស់ ស្ពានចល័តបណ្តែតទឹក នៅសាលារក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថាៈ វគ្គហ្វឹកហ្វឺនជំនាញ ខាងលើនេះ ធ្វើឡើង ក្នុងគោលបំណងផ្តល់ នូវចំណេះដឹង ជាមូលដ្ឋាន ក្នុងការប្រើប្រាស់ឧបករណ៍ និងកម្មវិធីសំខាន់ៗ លើជំនាញស្ពាន ចល័តបណ្តែតទឹក ឲ្យមានប្រសិទ្ធភាពលើខ្សែទឹកធម្មតា និងខ្សែទឹកហូរ ក្នុងទឹកទន្លេមេគង្គ ដែលមានខ្សែទឹកហូរខ្លាំង។

សូមបញ្ជាក់ថាៈ ក្រុមហ៊ុនស្ពានចល័តបណ្តែតទឹក ( CSSC) នៃសាធារណរដ្ឋ ប្រជាមានិតចិន និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានចាប់ផ្តើមដំណើរការ បើកវគ្គហ្វឹកហ្វឺន តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ឲ្យដល់គ្រូបង្គោល កងទ័ពមួកខៀវកម្ពុជា ត្រៀមចេញបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ នឹងដំណើរការប្រព្រឹត្តិទៅ រហូតដល់សប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២២ ៕/V