ដោយៈពៅ និមល/ភ្នំពេញ៖ក្នុងគោលដៅរួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកផ្សារកាន់តែប្រសើរប្រព័ន្ធវិញ្ញាបនប័ត្រ តាមគោលការណ៍ស្ម័គ្រចិត្តថ្មីមួយត្រូវបានបង្កើតឡើងដែល មានឈ្មោះថានិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS)។ CQS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីបញ្ជាក់លើគុណភាព សុវត្ថិភាពផល ផលិតផលជលផលកម្ពុជា ដែលអនុលោមតាម តម្រូវការស្តីពីសុវត្ថិភាពម្ហូបអាហារ ។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បី លើកកម្ពស់ការអនុវត្តអនាម័យល្អ សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព ក៏ដូចជាបន្ថែមតម្លៃដល់ផល ផលិតផលជលផលនៅកម្ពុជា។ សម្រាប់ផល ផលិតផលជលផលកម្ពុជា នេះគឺប្រព័ន្ធទទួលស្គាល់ដំបូងគេ ឈរលើមូលដ្ឋាន តម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេសបង្កើតឡើងដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារនៅក្នុងអនុវិស័យ ជលផលក្រោយប្រមូលផលឱ្យបានកាន់តែប្រសើរ។

នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) របស់រដ្ឋបាលជលនឹងទទួលបន្ទុកផ្តល់សេវាចេញវិញ្ញាបនបត្រ CQS ក្រោមជំនួយបច្ចេកទេស ពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ដែលទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU)។ សហគ្រាសកែច្នៃ ទូកនេសាទ ផែបែងចែក ផលជលផល អ្នកចែកចាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកលក់រាយដូចជាផ្សារទំនើប និងមីនីម៉ាត មានសិទ្ធិ ដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្រ CQS បាន។

ថ្វីបើកម្ពុជាជាប្រទេសនាំចេញផល ផលិតផលជលផលដ៏សំខាន់មួយក៏ដោយ តែប្រទេសនេះនៅតែមិនទាន់អាចផ្តល់តម្លៃ បន្ថែម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលខ្លួន ដើម្បីឈានចូលទៅកាន់ទីផ្សារឱ្យបានកាន់តែប្រសើរឡើងនៅ ឡើយទេ។យើងអាចមើលឃើញថាការរួមចំណែកទៅក្នុងការនាំចេញរួមរបស់កម្ពុជាពីវិស័យជលផលនៅមានកម្រិតតិចតួច នៅឡើយ។ចន្លោះប្រហោងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារនៅក្នុងខ្សែចង្វាក់តម្លៃជលផលទាំងមូលជាកត្តាមួយដែលប្រទេសនាំចូលពុំមានជំនឿគ្រប់គ្រាន់ ថាប្រព័ន្ធគ្រប់គ្រងគុណភាពរបស់កម្ពុជា អាចធានាបាននូវការផ្គត់ផ្គង់ផល ផលិតផលជលផល ដែលមានសុវត្ថិភាព និងគុណភាពល្អសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសនាំចូល។

“ការដាក់ឱ្យដំណើរការជាផ្លូវការ CQS គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ដែលខ្ញុំសង្ឃឹមថានឹងជួយគាំទ្របន្ថែមដល់ ឧស្សាហកម្មនេសាទ ជាពិសេសសហគ្រាសកែច្នៃផលជលផលអាចពង្រីកអាជីវកម្មរបស់ខ្លួនឱ្យឆ្លើយតប និងបំពេញបាន តាមតម្រូវការសុវត្ថិភាពម្ហូបអាហាររបស់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម របស់គម្រោង CAPFish ខ្ញុំមានជំនឿយ៉ាងមុតម៉ាំថាលោក លោកស្រីនឹងអាចរក ជាវផលិតផលជលផលដែលមាននិមិត្តសញ្ញា CQS នៅតាមផ្សារទំនើប និងមីនីម៉ាតក្នុងប្រទេសកម្ពុជាបាននាពេលឆាប់ៗ ខាងមុខនេះ។ ចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់រួមគ្នារបស់យើងក្នុងការលើកកម្ពស់ផលិតផលជលផលប្រកបដោយសុវត្ថិភាពនិងគុណភាព បានធ្វើឱ្យទស្សន:វិស័យរបស់ CQS ចាប់ផ្តើមក្លាយជាការពិត” ។នេះបើតាមការលើកឡើងរបស់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ។

 

“ភាពជោគជ័យក្នុងការអនុវត្តប្រព័ន្ធវិញ្ញាបនបត្រ CQS នឹងជួយលើកតម្កើនស្លាកយីហោជាតិកម្ពុជា តាមរយៈការទទួលស្គាល់ គុណភាពនិងសុវត្ថិភាពផលិតផលដែលមានប្រើនិមិត្តសញ្ញា CQS ដែលនឹងជំរុញភាពប្រកួតប្រជែងរបស់ផលិតផលជលផល កម្ពុជា។ យើងរំពឹងទុកថា វានឹងរួមចំណែកជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលកម្ពុជាជាលក្ខណៈ អន្តរជាតិ រួមទាំងការពារសុខភាពសាធារណៈផងដែរ។” នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល។

សហគ្រាសកែច្នៃផលជលផលកំពុងប្រឈមនឹងឧបសគ្គ និងភាពទន់ខ្សោយមួយចំនួនដូចជា កង្វះខាតជំនាញនិងបច្ចេកវិទ្យា កែច្នៃ បរិក្ខារ ទីតាំងនិងបច្ចេកវិទ្យាប្រើប្រាស់ក្នុងផលិតកម្មនៅមានកម្រិតហេដ្ឋារចនាសម្ព័ន្ធគ្មានគុណភាព ភាពមិនប្រាកដ ប្រជានៃការផ្គត់ផ្គង់វត្ថុធាតុដើម រួមទាំងបញ្ហាពាក់ព័ន្ធទៅនឹងសុវត្ថិភាពម្ហូបអាហារ។ បន្ថែមលើនេះ សាកលភាវូបនីយកម្ម ក៏កត្តាមួយដែលជំរុញឱ្យមានការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារក្នុងតំបន់និងអន្តរជាតិ ហើយដើម្បីបង្កើនភាពប្រកួតប្រជែង របស់ខ្លួន សហគ្រាសទាំងនោះចាំបាច់ត្រូវអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោក មៀវ សុខគ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) បានមានបញ្ជាក់ថា៖
“ខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់ចូលរួម និងគាំទ្រដល់ប្រព័ន្ធវិញ្ញាបនបត្រ CQS ដើម្បីកសាងម៉ាកសញ្ញាជាតិ សម្រាប់ផល ផលិតផលជលផលកម្ពុជា។ខ្ញុំមានជំនឿយ៉ាងមុតម៉ាំថាប្រព័ន្ធCQSនឹងជួយលើកកម្ពស់និងការពារកេរ្តិ៍ឈ្មោះសហគ្រាសពីការប្រមូលផលិតផលត្រលប់មកវិញដោយសារបញ្ហាសុវត្ថិភាព ក៏ដូចជាការខាតបង់ផ្នែកហិរញ្ញវត្ថុផងដែរ។ ប្រព័ន្ធ CQSអាចចូលរួមកសាង ទំនុកចិត្តអតិថិជន និង បង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេស។ ប្រព័ន្ធ CQS នឹងជួយឱ្យសហគ្រាស មានភាពប្រកួតប្រជែងកាន់តែខ្ពស់ប្រាក់ចំណេញច្រើន និរន្តភាពយូរអង្វែង ។

គួរបញ្ជាក់ថា ការកែច្នៃផលិតផលកសិកម្មរបស់កម្ពុជានៅមានការអភិវឌ្ឍតិចតួចក្នុងនោះមានទាំងអនុវិស័យជលផលផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន កម្ពុជាកែច្នៃផលិតផលកសិកម្មរបស់ខ្លួនតិចជាង ១០ ភាគរយប៉ុណ្ណោះ។ ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលកម្ពុជាគឺជាចំណុចស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈ ការបង្កើនការនាំចេញផលិតផលកសិកម្មឱ្យបាន ១០ភាគរយនៅឆ្នាំ២០២០ និង១២ភាគរយ នៅឆ្នាំ២០២៥ នៃផលិតផល នាំចេញសរុប។

CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ដើរតួជាវិធានការបណ្តោះអាសន្នមុននឹងឈានទៅ ដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការលើសុវត្ថិភាពម្ហូបអាហារ។ប្រព័ន្ធនេះតម្រូវឱ្យរាល់ប្រតិបត្តិការជលផល អនុវត្តឱ្យបាន តម្រូវការអប្បបរមាផ្នែកសុខភាពនិងអនាម័យ។ប្រព័ន្ធដើរតួជាឧបករណ៍ទំនាក់ទំនងក្នុងចំណោមតួអង្គសំខាន់ៗក្នុងខ្សែចង្វាក់តម្លៃជលផលឆ្ពោះទៅរកការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការពារសុខភាពសាធារណៈ លើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សារ និងការនាំចេញ។

ដើម្បីអនុវត្តប្រព័ន្ធវិញ្ញាបនបត្រ CQS គម្រោងបានជ្រើសរើសក្រុមហ៊ុន Peterson Projects & Solutions ឱ្យអនុវត្ត កិច្ចការនេះ ដែលក្នុងនោះរួមមាន៖ i) រៀបចំបង្កើតប្រព័ន្ធវិញ្ញាបនបត្រ CQS ឱ្យក្លាយជា ឧបករណ៍បញ្ជាក់ពី សុវត្ថិភាពម្ហូបអាហារដាក់ឱ្យរដ្ឋបាលជលផល (FiA) ប្រើប្រាស់ និង ii) បង្វឹកនិងបណ្តុះបណ្តាលវិស័យឯកជន ឱ្យអនុវត្ត CQS នៅក្នុងប្រតិបត្តិការរបស់ខ្លួន និងផ្តល់ការគាំទ្រលើការរៀបចំឯកសារនិងកសាងសមត្ថភាព។

សហគ្រាសកែច្នៃផលជលផលចំនួន ២៨ កំពុងអនុវត្តគ្រោងការណ៍នេះ តាមរយៈ កម្មវិធីគាំទ្រ សហគ្រាសជលផល ខ្នាតតូច និងមធ្យម (VCIS) របស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ហើយផលិត ផលដែលមាននិមិត្តសញ្ញា CQS នឹងមាន លក់នៅ លើទីផ្សារ ក្នុងពេលឆាប់ៗនេះ។ សូមរកមើលស្លាកសញ្ញា CQSដើម្បីទទួលបាន ផលិតផល ជលផល ដែលមាន សុវត្ថិភាព និងគុណភាពខ្ពស់។

ការរួមចំណែករបស់វិស័យជលផលនិងវារីវប្បកម្មដល់ផលិតផលសរុបក្នុងស្រុក (GDP) មានប្រហែល ៥,៥០ភាគរយ ។ ប្រជាជនកម្ពុជាប្រហែល ៣លាននាក់ (២០%នៃប្រជាជនសរុប) ពឹងផ្អែកដោយ ផ្ទាល់លើ ផលជលផលជាអាហារ និងប្រកបរបរចិញ្ចឹមជីវិត។ នៅក្នុងពិភពលោក ប្រជាជន កម្ពុជា ទទួល ទានត្រីជាអាហារខ្ពស់ជាងគេ ប្រមាណ ៥៧,៣ គីឡូក្រាម/នាក់ ក្នុងមួយឆ្នាំ នេះបើតាមតួលេខឆ្នាំ ២០១៩ និងខ្ពស់បំផុតក្នុងឆ្នាំ២០១១ ចំនួន ៦៣,២ គីឡូក្រាម/ម្នាក់ ក្នុងមួយឆ្នាំ បើប្រៀប ធៀប ទៅនឹងមធ្យមភាគពិភពលោកបច្ចុប្បន្ន ២០,៥ គីឡូក្រាម/ម្នាក់ ក្នុងមួយឆ្នាំ៕សរន