​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ស្ថាប័ន​បាល់ទាត់​ពិភពលោក​បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​មួយ​ខែ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍វើ​លខាប់ ដោយ​និយាយថា កីឡា​អាច​នាំ​មនុស្ស​រួមគ្នា​ជា​ធ្លុង​មួយ​។​

​ប្រធាន FIFA លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វា​ទីណូ (Gianni Infantino) ដែល​ថ្លែង​ទៅ​កាន់​មេដឹកនាំ​នៃ​ក្រុម​សេដ្ឋកិច្ច​សំខាន់ៗ G20 ដែល​ប្រមូលផ្តុំ​គ្នា​នៅ​កោះ​បាលី បាន​និយាយថា​ការប្រកួត​​បាល់​ទាត់វើល​ខាប់ ដែល​បើក​នៅ​ថ្ងៃអាទិត្យ​ក្នុង​ប្រទេស​កាតា អាច​ដើរតួ​ជា “​គន្លឹះ​វិជ្ជមាន​” នៅក្នុង​ការឈ្លានពានរ​បស់​រុស្ស៊ី​ជិត​ប្រាំបួន​ខែ​លើ​អ៊ុ​យក្រែន​។​

​លោក​បាន​ប្រាប់​ក្នុងអំឡុងពេល​អាហារ​ថ្ងៃត្រង់ G20 សម្រាប់​ក្រុម​មេដឹកនាំ​ថា​”​ការ​អង្វរ​របស់ខ្ញុំ​ចំពោះ​អ្នក​ទាំងអស់​គ្នា​គឺ​សូម​គិត​អំពី​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​មួយ​ខែ​សម្រាប់​អំឡុង​រយៈពេល​​នៃ​ការប្រកួត​វើល​ខា​ប់​”​។​

​លោក​បាន​និយាយថា ប្រសិនបើ​មិនមែន​ជា​បទ​ឈប់​បាញ់​ពេញលេញ​ទេ​នោះ សូមឱ្យ​មាន “​ការអនុវត្ត​ច្រករបៀង​មនុស្សធម៌​មួយ​ចំនួន ឬ​អ្វី​មួយ ដែល​អាច​នាំឱ្យ​មាន​ការ​ចរចា​ឡើងវិញ​”​។​

​ដោយ​ពណ៌នា​អំពី​បាល់ទាត់​ថា​ជា​អ្នក​បង្រួបបង្រួម លោក​បាន​ចង្អុលបង្ហាញ​ថា រុស្ស៊ី​បានធ្វើ​ម្ចាស់ផ្ទះ​វើល​ខាប់​២០១៨ ហើយ​ថា​អ៊ុយ​ក្រែន​កំពុង​ដាក់​សំណើសុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​ជា​មួយអេ​ស្ប៉ាញ​និង​ព័រទុយហ្គាល់​សម្រាប់ឆ្នាំ ២០៣០​។​

​លោក​អ៊ី​ន​ហ្វា​ទីណូ​បាន​និយាយថា “​យើង​មិន​ឆោតល្ងង់​ទេ​ដែល​ជឿ​ថា​បាល់ទាត់​អាច​ដោះស្រាយ​បញ្ហា​របស់​ពិភពលោក​”​។​

​ប៉ុន្តែ​លោក​បាន​និយាយថា ការប្រកួត​វើល​ខាប់​ផ្តល់នូវ “​វេទិកា​ដ៏​ពិសេស​” ខណៈ​មនុស្ស​ប្រមាណ​ប្រាំ​ពាន់​លាន​នាក់ ដែល​ច្រើន​ជាង​ពាក់កណ្តាល​នៃ​មនុស្សជាតិ ត្រូវ​គេ​រំពឹងថា​នឹង​មើល​តាម​កញ្ចក់​ទូរទស្សន៍​។​

​លោក​បាន​បន្តថា “​សូម​យក​ឱកាស​នេះ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ចាប់ផ្តើម​បញ្ចប់​ជម្លោះ​ទាំងអស់​”៕

​ប្រធាន FIFA លោក ជី​យ៉ាន​នី អ៊ី​ន​ហ្វា​ទីណូ​