ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូឡូញ​បានដាក់​យោធា​របស់​ខ្លួន​អោយ​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើង​ការ​ខ្ពស់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​កាំជ្រួច​របស់​រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ធ្លាក់​ចូល​ក្នុង​ព្រំដែន​​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​មួយ​នេះ​និង​សម្លាប់​មនុស្ស​ពីរ​នាក់​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​បាញ់​កាំជ្រួច​ជាច្រើន​ចូល​ប៉ូឡូញ តែ​នៅ​មិនទាន់​មាន​ការបញ្ជាក់​អះអាង​ភ្លាម​ចេញពី​រដ្ឋាភិបាល​ទីក្រុង​វ៉ា​សូវី​( Warsaw)​ឬ វ៉ាស៊ីនតោន​នៅឡើយ ហើយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ក៏បានច្រានចោល​របាយ​ការណ៍​ស្តីពី​ការវាយប្រហារ​នេះដែរ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃនេះ​បាន​និយាយថា​សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​និង​សារព័ត៌មាន​ប៉ូឡូញ​ដែលថា​«​កាំជ្រួច​រុស្ស៊ី​»​ធ្លាក់​ចូល​ភូមិ​សេ​វ៉ូ​ដូវ​(Przewodów)​ជា​ចេតនា​បង្ក​រឿង​មួយ​ដើម្បី​ធ្វើអោយ​សភាពការណ៍​កាន់​តែ​តានតឹង​ឡើង​។​តាមពិត​មិន​មាន​ការវាយប្រហា​ររ​បស់​រុស្ស៊ី​ណា​លើ​គោលដៅ​ក្បែរ​ព្រំដែន​អ៊ុ​យក្រែន​-​ប៉ូឡូញ​ទេ​រីឯ​អំបែង​គ្រាប់​ដែល​សារព័ត៌មាន​ប៉ូឡូញ​ចុះផ្សាយ​នោះ​អត់​មាន​ពាក់ព័ន្ធ​​នឹង​រុស្ស៊ី​ទេ​។​

ចំណែកប្រធានាធិបតីប៉ូឡូញបាននិយាយនៅថ្ងៃពុធថា នៅមិនទាន់មានភស្តុងច្បាស់ថានរណាបាញ់កាំជ្រួចដែលបានសម្លាប់មនុស្សពីរនាក់នៅក្នុងភូមិប៉ូឡូញមួយកាលពីថ្ងៃអង្គារ។

​ការវាយប្រហារ​ដែល​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​នេះ​បាន​បង្ក​ការ​ថ្កោលទោស​ជា​ទូទៅ ដោយ​ប្រធាន​សហភាព​អឺរ៉ុប​លោក​ឆាល មី​សែ​ល​(Charles Michel)​និយាយថា​លោក​មាន​ការ​«​រន្ធត់​ចិត្ត​និង​ស្រ​ឡាំ​​ង​កាំ​ង​» រីឯ​ប្រធានាធិបតី​បាន​រាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង​បាន​អំពាវនាវ​អោយមាន​កិច្ចពិភាក្សា​ភ្លាម​អំពី​រឿង​នេះ​នៅក្នុង​ជំនួប​កំពូល​G20​ដែល​កំពុង​ធ្វើ​នៅ​ឥណ្ឌូនេស៊ី​។​

​ពួក​មន្ត្រី​អង្គការ​ណា​តូ​ក៏​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ពុធ​ដើម្បី​រៀបចំ​ផែនការ​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​លើ​ទឹកដី​ប៉ូឡូញ ដែល​ជា​សមាជិក​របស់​សម្ពន្ធភាព​យោធា​ធំ​បំផុត​នេះ​។​

​បើ​តាម​សារព័ត៌មាន​លោកខាងលិច កាំជ្រួច​រុស្ស៊ី​បាន​ធ្លាក់​ផ្ទុះ​នៅ​ក្នុង​វាលស្រែ​មួយ​ក្នុង​ទឹកដី​ប៉ូឡូញ ក្រោយ​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែន​ស្ទាក់​កំទេច​។

កាំជ្រួច​រុស្ស៊ី​បាន​ធ្លាក់​ផ្ទុះ​នៅ​ក្នុង​វាលស្រែ​នៅក្នុងភូមិមួយ​ក្នុង​ទឹកដី​ប៉ូឡូញ

​រដ្ឋាភិបាល​ទីក្រុង​វ៉ា​សូវី ដាក់​យោធា​របស់​ខ្លួន​អោយ​ប្រុងប្រៀប​ខ្លួន​កំរិត​ខ្ពស់​

ប្រធានាធិបតីប៉ូឡូញបាននិយាយនៅថ្ងៃពុធថា នៅមិនទាន់មានភស្តុងច្បាស់ថានរណាបាញ់កាំជ្រួចដែលបានសម្លាប់មនុស្សពីរនាក់នៅក្នុងភូមិប៉ូឡូញមួយកាលពីថ្ងៃអង្គារ

​ក្នុងពេល​ជាមួយគ្នា ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​«​នឹង​កំណត់​ថា​អ្វី​បាន​កើតឡើង​និង​ត្រូវ​ចាត់​វិធានការ​សមស្រប​អ្វី​»​។​

​ប៉ូឡូញ ត្រូវការពារ​ក្រោម​ច្បាប់​របស់​អង្គការ​ណា​តូ តែ​ទោះ​ជា​ការវាយប្រហារ​កាត់​ព្រំដែន​នេះ​ជា​ការពិត ចម្លើយ​តប​របស់​សម្ពន្ធមិត្ត​វា​អាស្រ័យ​លើ​ថា​តើ​វា​ជា​ឧបទ្ទវហេតុ​ចៃដន្យ ឬ​ជា​ការវាយប្រហារ​ដោយ​​ចេតនា​។​

​លោក​ហ្សេ​ឡេន​ស្គី បាន​ថ្លែង​ទៅកាន់​ប្រជាជាតិ​ថា​«​ថ្ងៃនេះ​កាំជ្រួច​រុស្ស៊ី​បាន​វាយប្រហារ​ប៉ូឡូញ ទឹកដី​របស់​ប្រទេស​សម្ពន្ធមិត្ត​មួយ​។​ប្រជាជន​បាន​ស្លាប់ វា​ជា​ការ​បង្ករឿង​ធំ​ណាស់​មួយ​»​។​​ចំណែក​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែន​បាន​អំពាវនាវ​អោយ​សមាជិក​ណា​តូ​បើក​កិច្ចប្រជុំ​«​ភ្លាម​»​មួយ​។​

​សូមបញ្ជាក់​ថា ព័ត៌មាន​អំពី​កាំជ្រួច​រុស្ស៊ី​ធ្លាក់​ក្នុង​ទឹកដី​ប៉ូឡូញ​នេះ​កើតឡើង​ចំ​ពេល​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​កាំជ្រួច​ចូល​ទីក្រុង​អ៊ុយ​ក្រែន​ជាច្រើន រួមមាន​ទីក្រុង​ល្វីវ​ក្បែរ​ព្រំដែន​ប៉ូឡូញ ដែល​រដ្ឋាភិបាល​​ទីក្រុង​គៀវ​បាន​អះអាង​ថា​បណ្តាល​អោយ​ដាច់​ចរន្តអគ្គិសនី​សំរាប់​មនុស្ស​៧​លាន​នាក់​។​

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយថា រុស្ស៊ី​បាន​បាញ់​កាំ​ជ្រូវ​៨៥​ដើម​ដាក់​ទីតាំង​អគ្គិសនី​នៅ​ទូទាំង​ប្រទេស និង​បាន​ថ្កោលទោស​វា​ថា​ជា​«​អំពើ​ប្រល័យពូជសាសន៍​»​មួយ និង​ជា​«​ការ​ទះកំផ្លៀង​»G20​នៅពេល​ក្រុម​មេដឹកនាំ​ពិភពលោក​កំពុង​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​រឿង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​៕

យ៉ាងហោចណាស់កាំជ្រួចបីដើមធ្លាក់ចូលទីក្រុងគៀវកាលពីថ្ងៃអង្គារ ដោយចៅហ្វាយក្រុងអះអាងថាវាធ្លាក់ចំអាគារមនុស្សរស់នៅទាំងអស់