ដោយៈ សិក្ខារិន / ពោធិសាត់: លោក ចេង ឡៃ អភិបាលស្ដូទី នៃគណៈអភិបាល ខេត្តពោធិ៍សាត់ សូមឲ្យអាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ចំពោះហ្វូងគោអនាធិបតេយ្យ ក្នុងទីប្រជុំជនក្រុង, ទប់ស្កាត់សំណង់រឹងមាំ តាមមាត់ស្ទឹង មាត់ប្រឡាយ និងការចិញ្ចឹមសត្វស្វា បង្ហូរលាមកពាសវាលពាសកាល ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ រស់នៅតំបន់នោះ។

លោកអភិបាលខេត្តស្ដីទី បានលើកឡើងបែបនេះ នៅពេលលោកបានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់។

នៅក្នុងកិច្ចប្រជុំនោះ បណ្ដាក្រុង ស្រុក និងមន្ទីរអង្គភាពនានា បានលើកឡើង អំពីការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ឆ្នាំ២០២៣, ការរៀបចំការប្រឡងសញ្ញាប័ត្រទុតិយភូមិ នៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២, ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព, ការបង្ក្រាបគ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, បទល្មើសនេសាទក្នុងបឹងទន្លេសាប, ការលួចសង់សំណង់រឹងមាំជាថ្ម នៅតាមមាត់ស្ទឹង និងមាត់ប្រឡាយជាដើម។

ដោយឡែក ក្រុមហ៊ុនចិញ្ចឹមសត្វស្វា នៅភូមិកែវមុនី បានបង្ហូរកាកសំណល់ និងលាមកស្វា ចូលអូរ ព្រែក ប្រឡាយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសត្វពាហនៈ ដែលរស់នៅជុំវិញតំបន់នោះ។

នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៅតែកើតមានបញ្ហាទំនាស់ដីធ្លី ការលួចកាប់រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន, ប្រជាពលរដ្ឋចូលព្រៃ មានកើតជំងឺគ្រុនចាញ់ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សព្វថ្ងៃនេះ មានការថយចុះ ដោយសារប្រជាពលរដ្ឋមិនព្រមមកចាក់។

រាល់ការលើកឡើង ខាងលើនេះ លោក ចេង ឡៃ អភិបាលខេត្តស្ដីទី សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញ រួមគ្នាដោះស្រាយ ដោយផ្អែកទៅលើច្បាប់។

ការកែឯកសារអត្តសញ្ញាណប័ណ្ណ មុននឹងកែត្រូវត្រួតពិនិត្យ និងស្រាវជ្រាវសាវតា ឲ្យបានច្បាស់លាស់ ចៀសវាងយកទៅប្រើប្រាស់បំភ្លៃការពិត។

ចំពោះហ្វូងគោអនាធិបតេយ្យ សំណង់តាមមាត់ស្ទឹង មាត់ប្រឡាយ និងការចិញ្ចឹមសត្វស្វាបង្ហូរលាមក ដោយគ្មានអាងចម្រោះ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ ត្រូវតែចាត់វិធានការ ឲ្យខាងតែបានដាច់ខាត៕/V