ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទាំងមន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាមិត្តជប៉ុនក្នុងនាមជាដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន បានជំរុញឱ្យក្មួយៗ សិស្សានុសិស្ស ខិតខំរៀនសូត្រដើម្បីមានអនាគតល្អ និងវាសនារុងរឿង ។

ថ្លែងស្រដៀងគ្ន្នាដូច្នេះ នៅពេលមន្ត្រី និងមិត្តជនជាតិជប៉ុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង មាន ៣បន្ទប់ ជាអំណោយរបសសប្បុរសជន ក្រុមហ៊ុន SOHO Electric និង Merchanical Service Corporation និងអង្គការ CMC Office ជប៉ុន តាមរយ:អង្គការ TDO ប្រចាំខេត្តបាត់ដំបង ស្ថិតនៅអនុវិទ្យាល័យកូនត្រី ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានរាយការណ៍ថា : អនុវិទ្យាល័យកូនត្រី បង្កើតឡើងនៅឆ្នាំ២០០៨ ដែលពេលនោះ មាន ១អគារ ស្មើ៥បន្ទប់ មានបង្គន់អនាម័យ ១ខ្នង ស្មើ ៣បន្ទប់ អាងទឹកស្តុកទឹក១ សាលប្រជុំ១ខ្នង ជាអំណោយរបស់អង្គការ CMC ។ ឥឡូវ មានអគារសិក្សា ២ខ្នង ស្មើនឹង ៨បន្ទប់ ដែលរួមទាំងអគារទី២ ចំនួន១ខ្នង ស្មើ៣បន្ទប់ និងតុ កៅអី ក្តារខៀន និងសង្ហារឹម ជាអំណោយរបស់អង្គការ CMC ទៀត ដែលសង់កាលពីឆ្នាំ២០២១ ចំណាយថវិកាចំនួន ៦ ម៉ឺនដុល្លារអាមេរិក ។

លោកបានបន្តថាៈ ការបង្កើតអនុវិទ្យាល័យ នៅភូមិកូនត្រី ឃុំកូបនេះ បានជូយឱ្យសិស្សក្នុងភូមិនេះ និងភូមិជិតខាង បានចូលរៀនសូត្រ នៅជិតផ្ទះ ជំនួសការធ្វើដំណើរចម្ងាយ ១៣ គីឡូម៉ែត្រ ទៅរៀន នៅវិទ្យាល័យកូបនិង ១៥ គីឡូម៉ែត្រ នៅវិទ្យាល័យនិមិត្ត ។

លោក ហ៊ីដិនណូរី សូវ៉ា (Mr Hidenori Sowa) ប្រធានក្រុមហ៊ុន SOHO Electric និង Merchanical Service Corporation និងលោក ហ្គែនជី អូតានី (Mr Ganji Otani ) ប្រធានអង្គការ CMC បានថ្លែងថាៈ ការដែលសប្បុរសជន អង្គការ និងក្រុមហ៊ុនជប៉ុន ជួយឥតឈប់ឈរ កសាងហេដ្ឋារចនាសម្ពូ័ន្ធវិស័យអប់រំ មានកសាងអគារសិក្សា បណ្ណាល័យ អណ្តូងទឹក អាងទឺក បង្គន់អនាម័យ និងសម្ភារ:ផ្សេងៗ នៅតាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុង នៃខេត្តជាច្រើន នៃប្រទេសកម្ពុជា កន្លងមកនេះ គឺកូនចៅរបស់ប្រជាជនកម្ពុជា បានរៀនសូត្រ រកចំណេះ មានជំនាញ និងជួយកាត់បន្ថយភាពក្រីក្រ ពោលគឺ នឹងជួយឱ្យកូនចៅប្រជាជន មានអនាគតល្អ និងជោគវាសនារុងរឿង ។

លោក ហ៊ីដិនណូរី សូវ៉ា និងលោក ហ្គែនជី អូតានី បានបន្តថាៈ ការបន្តជួយសាងសង់អគារសិក្សានេះ គឺមានបំណង់ចង់កូនចៅប្រជាជន នៅជនបទ បានចូលរៀនសូត្រ ដូចអ្នកនៅទីប្រជុំជន និងទីក្រុង ឱ្យមានចំណេះជំនាញពិតប្រាកដ ។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ដល់ម្ចាស់ជំនួយ ជនជាតិជប៉ុន ដូចខាងលើ ដែលបានចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ នៅប្រទេសកម្ពុជា និងនីយាយដោយឡែកនៅភូមិ ឃុំ នាខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី បានបន្តថាៈ ដូច្នេះ ការដែលបានអគារសិក្សាហើយ ក្មយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ។ ចំណែកគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវប្រឹងអស់លទ្ធភាព ដើម្បីបង្រៀនសិស្ស ហើយអ្នកទាំងនេះ ក៏ដូចជាអាជ្ញាធរ អាណាព្យាបាលសិស្ស សូមជួយថែរក្សាអគារ សម្ភារ ឱ្យបានស្អាត និងគង់រង្សបានយូរអង្វែង ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា: អង្គការ CMC របស់ជប៉ុននេះនិងដៃគូជាក្រុមហ៊ុន ជាសប្បុរសជនជប៉ុន បានរៃអង្គាសដ៏លំបាក ចេញពីញើសឈាម យកមកជួយកសាង ហេដ្ឋារចនាសម្ព័ន្ធវិស័យនានា ពិសេសវិស័យអប់រំ ក្នុងបំណងជួយប្រជាជនកម្ពុជា ឱ្យមានអនាគតប្រសើរឡើងទៀត ។

លោក ស៊ាង ប៊ុនលាង បានបន្តថាៈ ជាច្រើនឆ្នាំមកនេះ អង្គការ CMC និងជនជាតិជប៉ុន ដែលជាដៃគូ ហើយមានទំនាក់ទំនង ជាមួយលោកផ្ទាល់ និងលោកស្រី ហ៊ុន ប៊ុនធឿន (ប្អូនស្រីសម្តេចតេជោ) បានចំណាយថវិកាអស់ ៩,៨៧ លានដុល្លារ រួចមកហើយ ក្នុងការជួយដូចខាងលើ ដល់ប្រទេស និងប្រជាជនកម្ពុជា ។

លោកបណ្ឌិត បានលើកទិសស្លោក និងទស្សនាទានជាច្រើន ដើម្បីជំរុញលើកទឹកចិត្តឱ្យកូនចៅពលរដ្ឋ បានខិតខំរៀនសូត្របន្ថែមទៀត នៅពេលទទួលអគារសិក្សា និងថ្នាក់រៀនថ្មីបន្ថែមទៀតនេះ ហើយអាណាព្យាបាល ក៏សូមជួយតាមដានការសិក្សារបស់កូនចៅផង ពោលគឺ ជំរុញឱ្យកូនចៅ បានក្លាយជាទំពាំងស្នងឫស្សី បានក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ជាសសរទ្រូងរបស់ប្រទេសជាតិ ទៅអនាគត ។

នាពិធីនោះ មានការបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជន ការចែកអំណោយជាថវិកា សម្ភារ:សិក្សា វត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួម ហើយគណៈអធិបតីនៃពិធី បានកាត់ខ្សែបូរសម្ពោធអគារ , បានចារលើសៀវភៅក្រាំងមាស និងបានយកគ្រាប់ពូជដាំផ្កាឈូករ័ត្នជប៉ុន ដែលជានិមិត្តរូបឈ្នះ ឈ្នះ និងភាពរុងរឿងរបស់ប្រជាជាតិជប៉ុន ទៅដាំលើដី នៃទីធ្លាសាលារៀនដើម្បីបញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អឥតខ្ចោះ រវាងប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជប៉ុន ផងដែរ ៕/V