​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូឡូញ​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​ថា មី​ស៊ី​ល​ផលិត​ដោយ​រុស្ស៊ី​បាន​ធ្លាក់​នៅ​ភាគ​ខាងកើត​ប្រទេស ដោយ​សម្លាប់​មនុស្ស​ពីរ​នាក់​នៅក្នុង​ការផ្ទុះ ដែល​នេះ​កត់សម្គាល់​ជា​លើក​ទី​មួយ​ចាប់តាំងពី​ការឈ្លានពាន​អ៊ុ​យក្រែន ដែល​អាវុធ​រុស្ស៊ី​បាន​ធ្លាក់​មក​លើ​ប្រទេស​ណា​តូ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានចាត់ទុក​ការវាយប្រហារ​នេះ​ថា​ជា “​ការបង្កើន​សង្គ្រាម​គួរឱ្យកត់សម្គាល់​”​។​

​នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក ម៉ា​ទូ​ស ម៉ូ​រ៉ាវី​ក​គី (Mateusz Morawiecki) បាន​និយាយថា រដ្ឋាភិបាល​កំពុង​ស៊ើបអង្កេត​និង​បង្កើន​ការត្រៀម​លក្ខណៈ​យោធា​របស់​ខ្លួន​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​ប៉ូឡូញ​បានកំណត់​អត្តសញ្ញាណ​ថា មី​ស៊ី​ល​នេះ​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​រុស្ស៊ី​។ ប៉ុន្តែ​ប្រធានាធិបតី​លោក អង់​ដ្រេ ឌូ​ដា (Andrzej Duda)​មានការ​​ប្រុងប្រយ័ត្ន​ខ្លាំង​អំពី​ការអះអាង​ប្រភព​ដើម​របស់​វា ដោយ​និយាយថា ក្រុមមន្ត្រី​មិនដឹងថា​អ្នកណា​ជា​អ្នកបាញ់​វា​ឬ​វា​ផលិត​នៅ​ទីណា​នោះទេ​។ លោក​បាន​និយាយថា វា​ប្រហែលជា​ផលិត​នៅ​រុស្ស៊ី ប៉ុន្តែ​វា​នៅតែ​ត្រូវការ​ការផ្ទៀងផ្ទាត់​ជាមុនសិន​។​

​លោកឌូ​ដា​បាន​និយាយថា “​យើង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ស្ងប់ស្ងាត់​។ នេះ​ជា​ស្ថានភាព​លំបាក​”​។​

​ទន្ទឹមនឹងនេះ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) បាន​កោះហៅ​កិច្ចប្រជុំ​បន្ទាន់​នៃ​បេសកជន​របស់​សម្ពន្ធភាព​នេះ​សម្រាប់​ថ្ងៃ​ពុធ​នេះ​ដើម្បី​ពិភាក្សា​​អំពី​ព្រឹត្តិការណ៍​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែន​ក្នុងប្រទេស​ប៉ូឡូញ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ក៏​គ្រោង​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះដែរ សម្រាប់​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ដែល​បាន​គ្រោងទុក​មុន​នេះ​ស្តីពី​ស្ថានភាព​នៅ​អ៊ុ​យក្រែន​។​ការវាយប្រហារ​នៅ​ប៉ូឡូញ​​ពិតជា​នឹង​ត្រូវ​លើកឡើង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ពួកគេ ប៉ូឡូញ​និង​ណា​តូ​បាន​ប្រើ​ភាសា​ដែល​លើកឡើងថា ពួកគេ​មិន​ចាត់ទុក​ការផ្ទុះ​មី​ស៊ី​ល​នេះ​ថា​ជាការ​វាយប្រហារ​របស់​រុស្ស៊ី​ទេ យ៉ាងហោច​ណាស់​សម្រាប់​ពេល​ឥឡូវនេះ​៕

​ប៉ូលិស​កំពុង​ពិនិត្យ​ប៉ុស្តិ៍​យាម​ព្រំដែន​មួយ​នៅ​ភាគ​ខាងកើត​ប៉ូឡូញ បន្ទាប់​ពី​មី​ស៊ី​ល​ធ្លាក់​ក្នុង​ប្រទេស​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា