ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimate Pro Boxing 2022 បានចាប់ផ្ដើមឡើងវិញហើយនៅថ្ងៃទី១៧ វិច្ឆិកា ស្អែកនេះ បន្ទាប់ពីបញ្ចប់បេសកកម្ម នៃការប្រកួតជើងឯកអាស៊ី (ASIAN Elite Men snd Women Boxing Championship) នៅប្រទេសហ្សកដង់នោះ ។

ព្រឹត្តិការណ៍ Ultimate Pro Boxing 2022 គឺជាការប្រកួតដ៏សំខាន់មួយ ដើមបីពង្រឹងសមត្ថភាពកីឡាប្រដាល់សកលកម្ពុជា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ហើយអ្នកប្រដាល់ ដែលចូលរួម ក្នុងព្រឹត្តិការណ៍នេះ ជាអ្នកប្រដាល់ខ្លាំងៗ ដែលស្ថិតក្នុងក្រុមជម្រើសជាតិ ។

វណ្ណា សំណាង ក្លិបអារុណរះកីឡា នឹងជួបប្រកួតជាមួយអ្នកប្រដាល់ ដុស រតនា ក្លិបតាឡី ដំរីមានរិទ្ធ ដោយប្រកួតគ្នា ក្នងប្រភេទទម្ងន់ ៥៣ គីឡូក្រាម។ អ្នកប្រដាល់ទាំង ២រូបនេះ ទោះមិនមែន ស្ថិតក្នុងក្រុមជម្រើសជាតិ ក៏ពិតមែន តែគេមានកណ្ដាប់ដៃរហ័ស និងការពារបានល្អដូចគ្នា ។ ជំនួបរវាងអ្នកប្រដាល់ ទាំង២រូបនេះ ពួកគេ សុទ្ធតែមានឱកាសឈ្នះដូចគ្នា ។

ហ៊ុន គឹមហៀង អ្នកប្រដាល់ជម្រើសជាតិ មកពីក្លិបនាយកដ្ឋានអង្គរក្ស ប្រកួតជាមួយអ្នកប្រដាល់ ញឹក ឈៀង មកពីក្លិបប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម ។

សៅ រង្សី អ្នកប្រដាល់ជម្រើសជាតិ មកពីក្លិបប្រដាល់ កងយោធពលខេមរភូមិន្ទ ប្រកួតជា មួយអ្នកប្រដាល់ នៅ សុខទី ដែលជាអ្នកប្រដាល់ជម្រើសជាតិ ដូចគ្នា មកពីក្លិបតាឡីដំរីមានរិទ្ធ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៥ គីឡូក្រាម ។

សូមបញ្ជាក់ថា សៅ រង្សី ជាអ្នកប្រដាល់ជម្រើសជាតិមួយរូប ដែលជាក្ដីសង្ឃឹមរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ។

អ៊ូច ធារិទ្ធ ក្លិបគុជសារស នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតជាមួយអ្នកប្រដាល់ វណ្ណា លីហៀង ជាអ្នកប្រដាល់ជម្រើសជាតិ មកពីក្លិបអារុណរះកីឡា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ សម្រាប់អ្នកប្រដាល់ ទាំង២រូបនេះ មិនដឹងថា នរណា មានសមត្ថភាពដណ្ដើមជ័យជំនះនោះឡើយ។

ពេញ វណ្ណថង ក្លិបប្រដាល់សកលជម្រើសជាតិប្រកួតជាមួយអ្នកប្រដាល់ វ៉ែន រដ្ឋា ដែលជា អ្នកប្រដាល់ មកពីក្លិបជម្រើសជាតិ ដូចគ្នា ។ គូនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៦ គីឡូក្រាម ។

សូមបញ្ជាក់ថា វ៉ែន រដ្ឋា ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ធ្លាប់ដណ្ដើមបាន មេដាយប្រាក់ ស៊ីហ្គេម នៅប្រទេសវៀតណាម ៕/V