​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) បាន​និយាយថា ចក្រភព​អង់គ្លេស​នឹង “​គាំទ្រ​សម្ពន្ធមិត្ត​របស់​យើង​”​ក្នុង​គោលបំណង​ស្វែងរក​ឱ្យ​ឃើញ​នូវ​អ្វីដែល​​បាន​កើតឡើង បន្ទាប់​ពី​មាន​របាយការណ៍​ថា មី​ស៊ី​ល​រុស្ស៊ី​បាន​ឆ្លង​ចូល​ទៅក្នុង​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​។​

​រឿង​នេះ​កើតឡើង​ខណៈ​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​ហៅ​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក អង់​ដ្រេ ឌូ​ដា (Andrzej Duda) ដែល​ក្នុងនោះ​លោកបៃ​ដិន​”​បានផ្តល់​​ការគាំទ្រ​និង​ជំនួយ​ពេញលេញ​ពី​សហរដ្ឋ​អាម៉េរិក​ជាមួយនឹង​ការស៊ើបអង្កេត​របស់​ប៉ូឡូញ​”​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ឯ​កិច្ចប្រជុំ G20 នៅ​កោះ​បាលី​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត បាន​និយាយថា លោក​បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស ជែម​ស៍ ក្លេ​វើលី (James Cleverly) និង​រដ្ឋមន្ត្រី​ការពារជាតិ បិ​ន វ៉ាល់​ឡេស (Ben Wallace) អំពី​ឧបទ្ទវហេតុ​នេះ​។​

​លោក​ស៊ូ​ណាក់​ក៏បាន​និយាយ​ខ្លួនឯង​ផង​ដែរ​ទៅ​កាន់​លោកឌូ​ដា និង “​រំលឹក​ឡើងវិញ​នូវ​សាមគ្គីភាព​របស់​ច​ក្រ​ភព​អង់គ្លេស​” ជាមួយ​ប្រទេស​នេះ និង​”​សម្តែង​ការរំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ​និង​​ក្រុមគ្រួសារ​របស់​ពួកគេ​”​។​

​លោក​បាន​សរសេ​រលើ Twitter ថា “​យើង​កំពុង​ពិនិត្យ​មើល​ជា​បន្ទាន់​នូវ​របាយការណ៍​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅក្នុង​ប្រទេស​ប៉ូឡូញ ហើយ​នឹង​គាំទ្រ​សម្ពន្ធមិត្ត​របស់​យើង​នៅ​ពេល​ពួកគេ​បង្កើត​​នូវ​អ្វី​ដែល​បាន​កើតឡើង​។ យើង​ក៏​កំពុង​សម្របសម្រួល​ផង​ដែរ​ជាមួយ​ដៃគូ​អន្តរជាតិ​របស់​យើង រួមទាំង​អង្គការ​ណា​តូ​”​។​

​យោងតាម​វិមាន​រដ្ឋាភិបាល​អង់គ្លេស (Downing Street) លោក​ស៊ូ​ណា​ក់​បាន​ផ្តល់​ជូន​ប៉ូឡូញ​នូវ “​ជំនួយ​ចាំបាច់​ដើម្បី​បង្កើត​ជា​បន្ទាន់​នូវ​អ្វី​ដែល​បាន​កើតឡើង​”​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា “​មេដឹកនាំ​ទាំង​ពីរ​បាន​យល់ព្រម​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​និង​បន្ត​ការសម្របសម្រួល​ជាមួយ​ដៃគូ​អន្តរជាតិ​របស់​យើង រួម​ទាំង​សម្ពន្ធមិត្ត​ណា​តូ​លើ​ជំហាន​បន្ទាប់​”៕

នាយករដ្ឋមន្ត្រី​អង់គ្លេស​បច្ចុប្បន្នកំពុង​ស្ថិតនៅ​ឯ​កិច្ចប្រជុំ G20 នៅ​កោះ​បាលី​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត