ដោយ: សុខុម / ស្ទឹងត្រែង: គ្រោះថ្នាក់ចរាចរណ៍ ពីរលើក ភ្លាមៗ នៅកន្លែងដដែល បង្កឲ្យមានមនុស្ស ១២ នាក់ រងរបួស ។ ហេតុការណ៍នោះ បានកើតឡើង នៅលើផ្លូវជាតិ លេខ៩ ភូមិ-ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា​ឆ្នាំ២០២២។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បាននិយាយប្រាប់ឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍ លើកទី១ រវាងម៉ូតូ បុកគោយន្តកែច្នៃ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ អ៊ិន ម៉ន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ ជាគ្រូពេទ្យ ទីលំនៅ ភូមិអូរត្រែល ឃុំ-ស្រុកថាឡាបរិវ៉ាត់ រងរបួសធ្ងន់។ ម៉ូតូដែលជនរងគ្រោះ ជិះម៉ាកហុងដា c125 ពណ៌ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1C- 4337 ទិសដៅពីខាងលិច ទៅខាងកើត បានបុកជាមួយ គោយន្តកែច្នៃ ទិសដៅពីខាងកើត ទៅខាងលិច បើកបរដោយឈ្មោះ ហ៊ុន កូវ ភេទប្រុស អាយុ ៥៤ ឆ្នាំ ទីលំនៅ ភូមិអូរត្រែល ឃុំ-ស្រុកថាឡាបរិវ៉ាត់។

សមត្ថកិច្ចជំនាញ បានឲ្យដឹងទៀតថាៈ នៅកន្លែងកើតហេតុដដែល ពេលកំពុងជួយសង្គ្រោះ អ្នករងរបួស ក៏ស្រាប់តែមានរថយន្ត ម៉ាក តូយ៉ូតា កាមរី ផ្លាកលេខ ស្ទឹងត្រែង 2A4347 ទិសដៅពីខាងកើត ទៅខាងលិច បើកបរដោយឈ្មោះ ខន វិញច័ន្ទ ភេទប្រុស អាយុ ៦២ ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង បានបើកបុករះ ម៉ូតូចត និងម៉ូតូដែលកំពុងធ្វើដំណើរ បណ្ដាលឱ្យគ្រោះថ្នាក់សរុបចំនួន ៥ គ្រឿង ព្រមទាំងរងរបួស ចំនួន ១១ នាក់ ស្រី ២នាក់ (ក្នុងនោះ របួសធ្ងន់ ២ នាក់ ស្រី ១នាក់) បន្ថែមទៀត។ ជនរងគ្រោះរងរបួស ទាំងធ្ងន់ ទាំងស្រាល ទាំង ១១ នាក់ ត្រូវបានបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ វត្ថុតាងម៉ូតូចំនួន ៥ គ្រឿង រថយន្ត ១គ្រឿង គោយន្ត ១គ្រឿង និងអ្នកបើកបររថយន្ត ១នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត៕/V-PC