ដោយ: សុខុម / ស្ទឹងត្រែង: នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យពីរនាក់ ករណីលួចកាប់គោអ្នក ស្រុក ពន្លះយកសាច់លក់ ដែលសមត្ថកិច្ចស្រុកសៀមប៉ាង ឃាត់ខ្លួននោះ តុលាការ បានសម្រេច ចេញដីកាឃុំខ្លួនហើយ កាលពីល្ងាច ថ្ងៃទី១៥ វិច្ឆិកា។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថាៈ កាលពីថ្ងៃទី ១៣ វិច្ឆិកា​ជនសង្ស័យ ពីរនាក់ លួចកាប់គោ អ្នកស្រុកមួយក្បាល ពន្លះយកសាច់ នៅក្នុងចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ដោយជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតពូថៅ ពន្លះសាច់គោ ច្រកបាវ។

សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ ជនរងគ្រោះ ត្រូវជាម្ចាស់គោ ឈ្មោះ ផាន់ តូ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានមកដាក់ពាក្យបណ្ដឹង នៅកន្លែងសមត្ថកិច្ច។ ក្រោយមក សមត្ថកិច្ច ក៏បានចុះស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យ ចំនួន ២ នាក់ ទី១.ឈ្មោះ ហែម ហេង ភេទប្រុស អាយុ ៥៥ ឆ្នាំ ទី២ ឈ្មោះ យ័ន សុភ័ក្រ្ត ភេទប្រុស អាយុ ៥២ ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅ ភូមិ ឃុំ កើតហេតុ ខាងលើ៕/V-PC