ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរជម្រើសជាតិ ភុន ពិសិដ្ឋ បានបង្ហាញពីមហិច្ឆតា ប្រជែងយកមេដាយមាស ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ជាមួយនឹងការបង្ហាញ ពីមហិច្ឆតាបែបនេះ អ្នកប្រដាល់រូបនេះ បានចាត់ទុកថា ព្រឹត្តិការណ៍ នៃការប្រកួតកីឡាជាតិ លើកទី៣ ជាឱកាសសំខាន់ សម្រាប់គេ ក្នុងការវាស់ស្ទង់ពីសមត្ថភាព មុនព្រឹត្តិការណ៍ស៊ីហ្គេម មកដល់ ។ សព្វថ្ងៃនេះ រូបគេ កំពុងប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីសម្រេចគោលដៅនេះឲ្យបាន។

តាមរយៈការតស៊ូអំណត់ព្យាយាម ក្នុងការហ្វឹកហាត់ និងលះបង់ពេលវេលាសប្បាយ នៅខាងក្រៅ បានជំរុញឲ្យ ពិសិដ្ឋ វិវឌ្ឍន៍ខ្លួនបានយ៉ាងឆាប់រហ័ស ក្លាយជាកីឡាករជើងខ្លាំង លំដាប់ជួរមុខ ក្នុងទម្ងន់ស្រាល។ រូបគេទទួលបានជ័យជម្នះ ហូរហែរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ នាពេលកន្លង។

ថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងមិត្តរួមអាជីព ក៏កោតសរសើររូបគេ រហូតត្រូវបានផ្ដល់រហស្សនាមថា «កណ្ដុរជ្រែកដី» ដើម្បីឱ្យសមនឹងសមត្ថភាព ដោយសាររូបគេ រហ័សរហួន និងបច្ចេកទេសល្អ។ សព្វថ្ងៃ រូបគេ ស្ថិតក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម។ ប្រភេទទម្ងន់ មួយនេះ ទាំងនៅស្រុក និងក្រៅប្រទេស ពិបាករកគូប្រកួតណាស់។

អ្នកប្រដាល់រូបនេះ បានបោះបង់ចោលការសិក្សា នៅត្រឹមថ្នាក់ទី៦ ក្នុងឆ្នាំ២០១៦ ដោយសារ កត្តាជីវភាព ដើម្បីជួយធ្វើការសំណង់ ជាមួយឪពុក។ ប៉ុន្តែធ្វើមិនបានប៉ុន្មានផង ក៏សម្រេចចិត្ត ចូលហ្វឹកហាត់ កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ នៅឆ្នាំដដែល នាក្លិបខ្លារខិនមានរិទ្ធ។ រូបគេទទួលបានការគាំទ្រ ពីឪពុកម្ដាយ បងប្អូន មិត្តភ័ក្ដ និងការតស៊ូ ខិតខំប្រឹងហ្វឹកហាត់ ទៀតផង នោះ មិនយូរប៉ុន្មាន ភុន ពិសិដ្ឋ បានក្លាយជាកីឡាករ លេចធ្លាម្នាក់ និងបានឈានជើង ឡើងសង្វៀនប្រកួត ជាញឹកញាប់ ទទួលបានជ័យជម្នះ ជាបន្តបន្ទាប់។

ដោយមើលឃើញ ពីសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ ប្រកួតគ្រប់គ្រាន់ នៅក្នុងឆ្នាំ ២០២២ កីឡាកររូបនេះ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិគុនខ្មែរ ត្រៀមប្រកួត នៅលើឆាកអន្តរជាតិ។

សព្វថ្ងៃ រូបគេ ជាកីឡាករមួយរូប ក្នុងចំណោម ១៨ រូប ដែលមានឈ្មោះក្នុងបញ្ជី សម្រាប់កីឡា ស៊ីហ្គេម ឆ្នាំ ២០២៣។ រូបគេពិតជារីករាយយ៉ាងខ្លាំង ចំពោះឱកាសសាង ស្នាដៃជូនជាតិ ដូច្នេះរូបគេ មិនហ៊ានធ្វេសប្រហែសឡើយ ពោលគឺ រឹតតែប្រឹងប្រែងទ្វេឡើង ដើម្បីបំពេញ បំណងប្រាថ្នាខ្លួនឯង និងថ្នាក់ដឹកនាំ។

គេមានប្រវត្តិប្រកួត បាន ៨៧ ដង ក្នុងនោះ ឈ្នះ ៧២ ដង ចាញ់ ១៥ ដង និងផ្ដួលដៃគូ ឱ្យសន្លប់ ៧ ដង ។ ដើម្បីសម្រេចគោលដៅ មេដាយមាស ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្ត្រឆ្នាំ២០២៣ រូបគេបានតាំងចិត្តហ្វឹកហាត់ យ៉ាងខ្លាំងដោយពេលព្រឹក ពីម៉ោង ៦ដល់១០កន្លះ ពេលរសៀល ពីម៉ោង ២ដល់៦ ល្ងាច និងពេលយប់ ហាត់បច្ចេកទេស ពីម៉ោង ៨ ដល់ម៉ោង ៩ កន្លះ៕/V-PC