ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា លោក សុខ សូកាន បានអះអាងថាៈ លើកក្រោយៗ ការប្រកួតពានរង្វាន់គរុគុណ នឹងធ្វើឲ្យកាន់តែ អធិអធម ឡើងថែមទៀត។

លោកបានបញ្ជាក់ថាៈ ពានរង្វាន់គរុគុណនេះ ធ្វើឡើងដើម្បីរំលឹកដល់វីរភាពថ្នាក់ដឹកនាំ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា ថវិកា បង្កើតសហព័ន្ធ តាំងពីឆ្នាំ១៩៩២ មកម៉្លេះ គិតមកដល់បច្ចុប្បន្ន គឺ៣០ឆ្នាំ។ ពានគរុគុណនេះ គឺរៀបចំឡើង​ ដោយបូកបញ្ចូលគ្នា រវាងពានសម្តេចវិបុលបញ្ញា សុខ អាន ដែលលោកបាន កសាង ជាមួយសហព័ន្ធ តាំងពីឆ្នាំ១៩៩២ មក ជាមួយនឹងពានសម្តេចក្រឡាហោម ស ខេង ដែលលោកបានធ្វើជាម្លប់ ក្នុងនាមជាប្រធានកិត្តិយស គ្រាដែលសម្តេចវិបុលបញ្ញា ជាប្រធានសហព័ន្ធ។

ក្រោមការយកចិត្តទុកដាក់ ពីសម្តេចទាំងទ្វេគឺ សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយស និងសម្តេចវិបុលបញ្ញា សុខ អាន ប្រធានសហព័ន្ធ រួមជាមួយនឹងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត បានចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ទាំងកីឡាករ កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីបច្ចេកទេស ឱ្យមានការរីកចំរើន ធ្វើឱ្យកីឡាប៊ូល និងប៉េតង់កម្ពុជា ល្បីរន្ទឺពេញពិភពលោក រហូតត្រូវមជ្ឈដ្ឋានអន្តរជាតិ ប្រសិទ្ធនាមថា កម្ពុជា ជាមហាអំណាចកីឡាប៊ូល និងប៉េតង់ ក្នុងនោះ សមិទ្ធផលដែលទទួលបាន គិតត្រឹមឆ្នាំ២០២២ នេះ អត្តពលិកកីឡាប៉េតង់កម្ពុជា ដណ្តើមបានមេដាយសរុប ៣៩៤ គ្រឿង ក្នុងនោះ មេដាយមាស ១១៦ គ្រឿង មេដាយប្រាក់ ១៣៨ គ្រឿង និងមេដាយសំរិទ្ធ ១៤០ គ្រឿង។

លោក សុខ សូកាន បានបញ្ជាក់បន្ថែមថាៈ ក្នុងនោះ កីឡាករ កីឡាការិនី ប៉េតង់កម្ពុជាជាច្រើន រូប សុទ្ធសឹងជាវីរកីឡាករ កីឡាការិនី ដោយបានឈ្នះមេដាយ កម្រិតពិភពលោក ច្រើនជំនាន់ មានដូចជា វីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោក ៤ សម័យកាលជាប់ៗគ្នា ក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់មក វីរកីឡាករ សុខ ចាន់មាន និងវីរកីឡាការិនី អ៊ុក ស្រីមុំ។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅមាន ២ ព្រឹត្តិការណ៍ប្រកួតទៀត សម្រាប់អត្តពលិក គឺព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាចុងខែវិច្ឆិកានេះ និងពានរង្វាន់គរុគុណ នាខែធ្នូ ខាងមុខនេះ ដែលគ្រោងរៀបចំ ឱ្យកាន់តែអស្ចារ្យ និងពិសេសជាងបណ្តាឆ្នាំកន្លងទៅ៕/V-PC