​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ការិយាល័យ​របស់​លោក​បាន​និយាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល​កាលពី​ថ្ងៃ​អង្គារ​​បាន​បាន​អំពាវនាវ​អោយ​ចិន​ដើរតួនាទី​«​សកម្ម​និង​ស្ថាបនា​ខ្លាំង​ឡើង​»​ដើម្បី​ទប់​ស្កាត់ការសាកល្បង​កាំជ្រួច​និង​នុយក្លេអ៊ែរ​បែប​បង្ក​រឿង​របស់​កូរ៉េខាងជើង​។​

​មេដឹកនាំ​ទាំង​ពីរ​បាន​ជួបប្រជុំ​ទល់មុខ​គ្នា​ជា​លើកដំបូង​អស់​២៥​នាទី​នៅក្រៅ​កិច្ចប្រជុំ​កំពូល​G20​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ចំ​ពេល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កើន​ឡើង​ដោយសារតែ​កូរ៉េខាងជើង​បង្កើន​ការសាកល្បង​សព្វាវុធ និង​កូរ៉េខាងត្បូង​បន្ត​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាមួយ​អាម៉េរិក​។​

​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាន​ធ្វើ​ការសាកល្បង​កាំជ្រួច​ក្នុង​កំរិត​ឯតទគ្គ​កម្ម​នៅ​ឆ្នាំ​នេះ រួម​មាន​កាំជ្រួច​ឆ្លង​ទ្វីប​មួយ និង​បាញ់កាំភ្លើង​ធំ​រាប់រយ​គ្រាប់​ចូលក្នុង​សមុទ្រ​នៅ​ពេល​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​បន្តបន្ទាប់​ដោយមានការចូលរួមពីនាវាដឹកយន្តហោះផង។

​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​សម​ភាគី​ចិន ជួប​គ្នា​នៅ​ឥណ្ឌូនេស៊ី​កាល​ពី​ម្សិលមិញ ក្រៅ​ជំនួប​កំពូល​G20

​លោក​យូ​ន​បាន​សម្តែង​ការព្រួយបារម្ភ​ថា ប្រទេស​ឯកោ​នេះ​ដែល​បាន​បង្កើន​ភាព​តានតឹង​ជាមួយនឹង​ការសាកល្បង​កាំជ្រួច​ដ៏​ញឹកញាប់​អាច​នឹង​សាកល្បង​សព្វាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​របស់ខ្លួន​។​លោក​​បាន​ប្រាប់​សម​ភាគី​ចិន​ថា «​ខ្ញុំ​សង្ឃឹមថា ចិន​នឹង​ដើរ​តួនាទី​កាន់តែ​សកម្ម​និង​ស្ថាបនា​មួយ​ឡើង ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​ជា​ប្រទេស​ក្បែរ​ខាង​មួយ​»​។​

​ជា​ការឆ្លើយតប​លោក​ស៊ី បាន​អំពាវនាវ​អោយ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​នឹង​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ ដោយ​ថា​លោក​មាន​បំណង​គាំទ្រ​សំណើ​របស់​លោក​យូ​ន​ស្តីពី​ការផ្តល់​ជំនួយ​ជា​ថ្នូរ​នឹង​ការរំសាយ​ចោល​នុយ​ក្លេ​​អ៊ែរ​កូរ៉េខាងជើង បើសិនជា​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ព្រម​ទទួលយក​។​

​រំលឹកថា កន្លង​មក​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​សុំ​ផ្តល់​ផែនការ​ជំនួយ​សេដ្ឋកិច្ច​ធំ​មួយ បើសិនជា​កូរ៉េខាងជើង​សុខចិត្ត​រំសាយ​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន តែ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ច្រាន​​ចោល​ដោយ​ចាត់ទុកវា​«​គ្មាន​ន័យ​» និង​ថា​លោក​យូ​ន​គួរ​«​បិទមាត់​»​។​

​អំពី​បញ្ហា​សេដ្ឋកិច្ច លោក​យូ​ន​និង​លោក​ស៊ី បានយល់​ព្រម​បង្កើន​ការចរចា​អំពី​ដំ​ណា​ក់កាល​ទី​ពីរ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​មួយ​។​

​សារព័ត៌មាន​ចិន​ក៏​បាន​រាយការណ៍​ថា​លោក​ស៊ី​បាន​បង្ហាញ​ក្តីសង្ឃឹម​សំរាប់​កិច្ចសហប្រតិបត្តិការ​ធំ​ឡើង​ជាមួយ​កូរ៉េ​ខាងត្បូង​លើ​វិស័យ​ជាច្រើន​រួមមាន ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​។​លោក​បាន​សន្យា​​ធានា​«​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​ដោយ​សុវត្ថិភាព មាន​លំនឹង​និង​រលូន​» តែ​បញ្ជាក់​ថា​លោក​ប្រឆាំង​ការ​យក​បញ្ហា​នៃ​កិច្ចសហការ​សេដ្ឋកិច្ច​ទៅ​ពាក់ព័ន្ធ​នឹង​នយោបាយ​៕