ដោយៈមុនីរ័ត្ន / ភ្នំពេញ​ ៖ លោក ស សុខា សមាជិក គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខេត្តបាត់ដំបង និងខេត្តព្រៃវែង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនប្រជាពលរដ្ឋ ជួបការលំបាក ផ្នែកជីវភាព ចំនួន ៥០០ គ្រួសារ នៅក្នុងក្រុងបាត់ដំបង ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩។

លោក ស សុខា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះអស់លោក លោកស្រី មន្ត្រីរដ្ឋបាលក្រុង គ្រប់ជាន់ថ្នាក់ ជាពិសេស លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាល ក្រុងបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំ កម្មវិធីសំណេះសំណាល និងប្រគល់អំណោយ ជូនពលរដ្ឋទាំង ៥០០ គ្រួសារនេះ។

ថ្លែងក្នុងឱកាសនោះដែរ លោក ស សុខា បានគូសបញ្ជាក់ថាៈ ពិធីសំណេះសំណាល និងប្រគល់អំណោយនេះ រៀបចំឡើង ក្នុងគោលបំណងស្វែងយល់ អំពីសុខទុក្ខ និងជួយសម្រួលការលំបាក ផ្នែកជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ ពិសេសបង្កើន ទំនាក់ទំនងល្អ រវាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោក ស សុខា ក៏បានលើកឡើង អំពីផលប៉ះពាល់ ដែលបន្សល់ទុក ដល់វិបត្តិសកលធំៗ គឺការរាតត្បាត នៃជំងឺកូវីដ-១៩ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសដទៃធំៗ អត្រានៃការឆ្លង ជំងឺកូវីដ-១៩ នេះគឺក្នុងមួយថ្ងៃៗ រាប់ម៉ឺន រាប់សែននាក់ និងអត្រានៃការស្លាប់មានប្រទេសខ្លះ រាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ ។ ផ្ទុយទៅវិញ ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានរិះរកគ្រប់មធ្យោបាយ និងបានយកឈ្នះ ជាស្ថាពរលើជំងឺកូវីដ-១៩ ដែលបានទន្ទ្រាន និងលងបន្លាចកម្ពុជា អស់រយៈពេលជាង ពីរឆ្នាំកន្លងទៅនេះ។

លោក ស សុខា បានបន្ថែមថាៈ ប្រទេសកម្ពុជារបស់យើង បានវិលត្រឡប់មករកស្ថានការណ៍ ដ៏ល្អប្រសើរឡើងវិញ គួរឲ្យកត់សម្គាល់។ លោក ក៏បានបន្តទៀតថាៈ បើទោះបីជាយ៉ាងណា ក៏ដោយ ថ្វីត្បិតតែជំងឺកូវីដ-១៩ មកដល់ពេលនេះ បានធូរស្បើយបន្តិចមែន តែសូមឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសសប្រហែសឲ្យសោះ កុំមើលស្រាលស្ថានការណ៍ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបាន​ ការចាក់វ៉ាក់សាំង និងបងប្អូនដែល បានចាក់វ៉ាក់សាំងហើយ តែមិនទាន់គ្រប់ចំនួន សូមរួសរាន់ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា នៅតាមទីតាំង ក្នុងមូលដ្ឋានរបស់បងប្អូន ដែលកំពុងតែរស់នៅ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានផ្ដាំផ្ញើទៅកាន់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ឲ្យអញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះ បោះឆ្នោត និងចុះឈ្មោះបោះឆ្នោត សម្រាប់បងប្អូន ដែលមិនទាន់មានឈ្មោះក្នុងបញ្ជី និងអ្នកទើបគ្រប់អាយុបោះឆ្នោត ព្រោះបញ្ជីឈ្មោះនេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើ ឲ្យការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីនិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕/V-PC