​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​និរន្តរភាព​និង​បរិស្ថាន​សិង្ហ​បុរី លោកស្រី ហ្គ្រេស ហ្វ៊ុ (Grace Fu) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​ថា​ភពផែនដី​កំពុងស្ថិត​​នៅ​លើ​ផ្លូវបំបែក​និង​ប្រឈម​មុខ​នឹង​បញ្ហាសំខាន់ៗ​ជាច្រើន ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដែល​ប្រទេស​នានា​មិន​ត្រូវ​បាត់បង់​ការមើលឃើញ​ភាព​បន្ទាន់​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។​

​នៅក្នុង​សុន្ទរកថា​ទៅកាន់​សន្និសីទ​អាកាសធាតុ COP27 របស់​អង្គការសហប្រជាជាតិ លោកស្រី​បាន​និយាយថា ការប្រមូលផ្តុំ​គណៈប្រតិភូ​មកពី​ប្រទេស​ជិត ២០០ គឺ​មាន​សារៈសំខាន់​។​

​លោកស្រី​បាន​និយាយ​ក្នុងអំឡុង​ការផ្តល់​សេចក្តីថ្លែងការណ៍​ជាតិ​របស់​សិង្ហ​បុរី​ស្តីពី​សកម្មភាព​អាកាសធាតុ​របស់​សាធារណរដ្ឋ​នេះ​ថា “​ជម្រើស​របស់​យើង​នៅ​ថ្ងៃនេះ​នឹង​កំណត់​អនាគត​របស់​យើង​”​។​

“​សិង្ហ​បុរី​អំពាវនាវ​ឱ្យមាន​ការប្តេជ្ញាចិត្ត ការអនុវត្ត និង​ភាព​ជា​ដៃគូ​សម្រាប់​សកម្មភាព​ជា​សកល​ដែល​សម្រេចបាន​ក្នុង​ទសវត្សរ៍​នេះ ដើម្បី​រក្សា​សីតុណ្ហភាព​ត្រឹម ១,៥ អង្សា​សេ​”​។​

​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​អាកាសធាតុ​របស់​អ​.​ស​.​ប និយាយថា ពិភពលោក​ត្រូវ​តែ​រឹតត្បិត​ការកើនឡើង​សីតុណ្ហភាព​ជា​មធ្យម​លើ​ពិភពលោក​ត្រឹម ១,៥ អង្សា​សេ លើស​ពី​កម្រិត​មុន​ឧស្សាហកម្ម​ដើម្បី​ចៀសវាង​​ផលវិបាក​ដ៏​មហន្តរាយ​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​ពិភពលោក​បាន​ឡើង​កម្តៅ​ដល់​ទៅ ១,២ អង្សា​សេ​រួចទៅហើយ ហើយ​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ទឹកជំនន់​និង​ព្យុះ​ដ៏​កាច​សាហាវ រលក​កម្តៅ​ដ៏​សាហាវ និង​ភ្លើង​ឆេះ​ព្រៃ​និង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​​កាន់តែ​លឿន​។ ការឡើង​កម្តៅ​ផែនដី​អាច​ឈាន​ដល់ ១,៥ អង្សា​សេ ប្រសិនបើ​ការបំភាយ​ឧស្ម័ន​នៅ​កម្រិត​បច្ចុប្បន្ន​នៅតែ​បន្ត​៕

រដ្ឋមន្ត្រី​ទទួលបន្ទុក​និរន្តរភាព​និង​បរិស្ថាន​សិង្ហ​បុរី លោកស្រី ហ្គ្រេស ហ្វ៊ុ ថ្លែង​ទៅ​កាន់​សន្និសីទ​អាកាសធាតុ COP27 កាលពី​ថ្ងៃ​អង្គារ