ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលជនក្បត់ជាតិ បីជំនាន់ សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី ទាក់ទងទៅនឹងការចោទប្រកាន់ គ្មានការពិត និងគ្មានមូលដ្ឋាន ច្បាស់លាស់ថាៈ “ កាលពីឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយក លុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា” ដោយលោក បានសង្កត់ធ្ងន់ថាៈ បើរឿងនេះ ជារឿងពិត លោកនឹងដកខ្លួន ពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះ មិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយ មួយជីវិតដែរទៅ។

នៅលើបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ លោក ហ៊ុន ម៉ាណែត បានសរសេរថាៈ “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀត មិនចេះចប់។ សួរថាអត់ចេះហត់ទេអី លោក សម រង្សី អ្នកនយោបាយចាស់វស្សាអើយ?” លើកមុនលោក សម រង្សី វាយប្រហារថា សញ្ញាបត្រខ្ញុំ ពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រិតពីរ ក្នុងគោលបំណង វាយប្រហារលើ សមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំ បបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាល មកតទល់ទេ ព្រោះដឹងថា គាត់នឹងចាញ់។ ជាទូទៅ មនុស្សខូច ហ៊ានត្រឹមតែលួចវាយគេ ពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ នេះបើយោងតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់ មួយរយៈ ករណីរឿងសញ្ញាបត្រ កម្រិតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀត មកចោទខ្ញុំថា÷ “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្ត ជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវា ជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់ នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)…។”

លោកបណ្ឌិត ហ៊ុន ម៉ាណែត សុំសួរសារជាថ្មីថាៈ អ្នកនយោបាយចាស់វស្សា ដែលលបតែ វាយប្រហារគេ ពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយ ដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះ មិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។
តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាៈ លោក សម រង្សី បានចំណាយពេល រាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិត នយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវ លោក សម រង្សី និងដៃជើងរបស់គាត់ ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយ ដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវ ខ្ញុំផ្តល់ឱកាសមាសឱ្យលោក សម រង្សី ហើយ មិនគួរលោក បោះបង់ឱកាសនេះទេ។ បើសិនជាលោក មានភស្តុតាងច្បាស់លាស់ ថារឿងនេះ ជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ តែម្តងទៅ ហើយលោកក៏អាចរក្សា ភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំឱ្យមហាជន រិះគន់ថា សម រង្សី ជាអ្នកនយោបាយ ចាស់វស្សាម្នាក់ដែរ ប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេ ពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេស ហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់ (អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហក ក៏ សម រង្សី ហ៊ានប្រឌិតឡើង ដើម្បីវាយប្រហារក្មេងនោះ ដោយឥតអៀនខ្មាស់ដែរ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនមហាជនថាៈ ករណីនេះ មិនពិបាកបញ្ជាក់ទេ ព្រោះបើថា នគរបាលបារាំង ពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុ ច្បាស់លាស់ហើយ។ បើលុយនោះ នៅរក្សាជាមួយប៉ូលិសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំង មិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់ និងឆាប់ដឹងសខ្មៅ កុំឱ្យមហាជនធុញថា លោកជា មនុស្សចាស់ រកតែរឿងចោទក្មេង ម្តងហើយម្តងទៀត មិនចេះហត់៕/V-PC