ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរទៅជនក្បត់ជាតិ បីជំនាន់ថាៈ តើហ៊ានទេ កូនអាក្បត់ជាតិ ៣ ជំនាន់? ពូជខូច វាខូច និងវានៅតែខូច។ បុរសម្នាក់នេះ ឈ្លោះមិនរើសមុខ ទាំងព្រះមហាក្សត្រ រហូតជាមួយយុវជន ជំនាន់ក្រោយ។ តើមានហត់ដែរទេ? ហើយបើមិនបានលួចវាយគេ តើរន្ទះបាញ់ឬអី?។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ការចោទសួរទៅជនក្បត់ជាតិ បីជំនាន់ បានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានបបួល ជនក្បត់ជាតិ បីជំនាន់ សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី ទាក់ទងទៅនឹងការចោទ ប្រកាន់គ្មានការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ថាៈ “កាលពីឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្ស ប្រជាជនកម្ពុជា”។

នៅលើបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ លោក ហ៊ុន ម៉ាណែត បានសរសេរ ថាៈ “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀត មិនចេះចប់។ សួរថា អត់ចេះហត់ទេអី លោក សម រង្សី អ្នកនយោបាយចាស់វស្សាអើយ?” លើកមុនលោក សម រង្សី វាយប្រហារថា សញ្ញាបត្រខ្ញុំ ពីសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រិត ពីរ ក្នុងគោលបំណងវាយប្រហារ លើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំ បបួលភ្នាល់ដាក់ជីវិត នយោបាយ គាត់បែរជាមិនហ៊ាន អើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅ មនុស្សខូច ហ៊ានត្រឹមតែលួចវាយគេ ពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។

លោក ហ៊ុន ម៉ាណែត បានបន្តថាៈ ក្រោយពីបិទមាត់ មិនហ៊ានភ្នាល់ មួយរយៈ ករណីរឿង សញ្ញាបត្រកម្រិតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញ មកប្រឌិតរឿងទៀត មកចោទខ្ញុំថា “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយក លុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូល គណបក្សប្រជាជនកម្ពុជា។ តែនគរបាល បារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវា ជាការប៉ុន ប៉ង ខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)…។”

លោក ហ៊ុន ម៉ាណែត សុំសួរសារជាថ្មីថាៈ អ្នកនយោបាយចាស់វស្សា ដែលលបតែវាយ ប្រហារគេ ពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះ ជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះ មិនមែន ជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។
តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថាៈ លោក សម រង្សី បានចំណាយពេល រាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវ លោក សម រង្សី និងដៃជើងរបស់គាត់ ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយ ដើម្បីសម្លាប់ជីវិត នយោបាយរបស់ខ្ញុំ។ ឥឡូវ ខ្ញុំផ្តល់ឱកាសមាស ឱ្យលោក សម រង្សី ហើយមិនគួរលោក បោះបង់ឱកាសនេះទេ។ បើសិនជាលោក មានភស្តុតាងច្បាស់លាស់ ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ តែម្តងទៅ ហើយលោក ក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួន របស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយ ចាស់វស្សាម្នាក់ដែរ ប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេ ពីក្រោយខ្នង តែប៉ុណ្ណោះ។ ជាពិសេស ហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់ (អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើង ដើម្បីវាយប្រហារក្មេងនោះ ដោយឥតអៀនខ្មាស់ដែរ ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនមហាជនថាៈ ករណីនេះ មិនពិបាកបញ្ជាក់ទេ ព្រោះបើថា នគរបាលបារាំង ពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុ ច្បាស់លាស់ហើយ។ បើលុយនោះ នៅរក្សាជាមួយប៉ូលិសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំង មិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់ និងឆាប់ដឹងសខ្មៅ កុំឱ្យមហាជនធុញថា លោកជា មនុស្សចាស់ រកតែរឿងចោទក្មេង ម្តងហើយម្តងទៀត មិនចេះហត់៕/V-PC