ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ផ្លូវថ្មី ពីផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ ដោយកាត់តាមដីចម្ការដូងប្រេង របស់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប  នៅផ្នែកខាងក្រុមហ៊ុនម៉ុងឫទ្ធី បានធ្វើការ ឈូសឆាយព្រៃចេញជារូបរៀងផ្លូវ បានទៅដល់ចំណុចផ្លូវ ដែលធ្វើចុះពីភ្នំបូកគោ ដោយក្រុមហ៊ុនសុខានោះហើយ។ ផ្លូវនេះ រ៉ាប់រងចាក់កៅស៊ូ ដោយក្រុមហ៊ុនសុខា។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ដែលជាអ្នកបរិច្ចាគដីចម្ការដូងប្រេង សម្រាប់សាងសង់ផ្លូវថ្មី តភ្ជាប់ចរាចរណ៍​ ចុះពីភ្នំបូកគោ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១ ៦ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ គម្រោងសាងសង់ផ្លូវថ្មី កាត់ដីចម្ការក្រុមហ៊ុនរបស់លោក ពេលនេះ បានធ្វើការឈូសឆាយ សម្អាតព្រៃចេញជារូបរៀងផ្លូវ បានទៅដល់ចំណុចផ្លូវដែលធ្វើចុះ ពីភ្នំបូកគោ ដោយក្រុមហ៊ុនសុខា នោះហើយ។

អ្នកឧកញ៉ាម៉ុង ឫទ្ធី បានបញ្ជាក់ថាៈ ការងារសាងសង់ផ្លូវថ្មី ដែលត្រូវធ្វើបន្ត ដោយចាក់កៅស៊ូ គឺក្រុមហ៊ុនសុខា ជាអ្នកធ្វើក្រុមហ៊ុនម៉ុងឫទ្ធី មានភារកិច្ចត្រឹមធ្វើការឈូសឆាយព្រៃ បើកផ្លូវ កាត់ដីក្រុមហ៊ុនរបស់លោកប៉ុណ្ណោះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ គម្រោងសាងសង់ផ្លូវថ្មី តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ នៅខាងខេត្តព្រះសីហនុ បានឈូសឆាយព្រៃ ចេញជារូបរៀងផ្លូវរួចហើយ តែការងារចាក់ ដីគ្រឹះ និងកៅស៊ូ តាមគោលការណ៍ ត្រូវសាងសង់បន្ត ដោយក្រុមហ៊ុនអ្នកឧកញ៉ា សុខគង់។

រំលឹកឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឱ្យមានការជួបគ្នា រវាងអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដើម្បីពិភាក្សាលើគម្រោងធ្វើផ្លូវថ្មី មួយខ្សែ ប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ម្តុំគីឡូម៉ែត្រលេខ ១៥៨ និង ២០០ ទៅភ្នំបូកគោ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។ គម្រោងសាង សង់ផ្លូវថ្មីនេះ ត្រូវឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ។ អ្នកឧកញ៉ា សុខ គង់ ជាអ្នកទទួលរ៉ាប់រងការចំណាយ ការស្ថាបនាផ្លូវចាក់ក្រាលកៅស៊ូ អាសេ ( AC) ឯអ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាអ្នកជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ៕/V-PC