ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបញ្ជាក់ថាៈ រយៈពេល ២៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៨៦.៧៨១ នាក់។ អ្នកដែលនឹងត្រូវលុប ឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៦៨.៣៨៥ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣៥.១១៤ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅ ចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១០៦.០១៩ នាក់។

គ.ជ.ប. បានបន្តថាៈ លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មាន ប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១១.៣៧៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.១៤៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.៤៤៥ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូល ក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.២៦២ នាក់។

គ.ជ.ប. បានបញ្ជាក់ថាៈ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែល ទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែល មិនធ្លាប់ចុះឈ្មោះបោះឆ្នោត ពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា៕/V-PC