ដោយៈ ទេព​ មង្គល / ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជូនដំណឹង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការរំលឹកការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ ដោយបញ្ជាក់ថា ការបង់ពន្ធនេះ នឹងបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ខាងមុខ ហើយបើសិនជាមានការ ខកខាន មិនបានបង់ នឹងទទួលទោសទណ្ឌ តាមច្បាប់ជាធរមាន។

នៅក្នុងសេចក្ដីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនម្ចាស់យានយន្ត គ្រប់ប្រភេទថាៈ អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ ៩២៥៤ អពដ ចុះ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការប្រមូលពន្ធ ប្រភេទនេះ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ម្ចាស់យានយន្ត ភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បាន បង់ពន្ធ ប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមក ដាក់លិខិតប្រកាសបង់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌឺយ៉ា ក.អ ឬនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឈនៈ ឬនៅធនាតារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារ ជេត្រាស់រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍ កម្ពុជា ក, អ ឬនៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅតាម ធនាគារដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ម្ចាស់យានយន្ត ក៏អាចបង់ពន្ធ តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធ លើពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ កន្លងមក។ ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្រ បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធ លើមធ្យោបាយដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទ ( ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិ បើកប្រាក់) ត្រូវភ្ជាប់មកជាមួយ នូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ) ដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ចំពោះយានយន្ត ឯកជន ជ្រកក្រោម ផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ,ម និង ខ.ប ពុំអនុញ្ញាតឱ្យបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ សម្រាប់ ឆ្នាំ២០២២ ទេ ។ ម្ចាស់យានយន្តទាំងនេះ អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ បាន លុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីគយ និងចុះបញ្ជីយានយន្ត នៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ ជាមុនសិន។

ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់ យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់បំពេញ កាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕/V-PC