ដោយៈ សម្បត្តិ/ភ្នំពេញ ៖ គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៦ខ្នង បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង ០៦ និង៣០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិឡរកំបោរ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុ ដែលជាផ្ទះធ្វើត្រីមួយកន្លែង សាងសង់អំពីឈើលើថ្មក្រោម ក៏ស្រាប់តែបង្កជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ រហូតដល់មានការឆេះរាលដាលទៅផ្ទះជិតខាងជាបន្តបន្ទាប់ ខណៈពេលភ្លាមៗនោះ អ្នកភូមិ ក៏បាននាំគ្នារាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ បន្ទាប់ពីទទួលដំណឹងនេះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ មិនបានបង្កឱ្យនរណាម្នាក់ រងរបួសនោះទេ ដោយក្នុងនោះឧបសគ្គធំជាងគេគឺ ផ្លូវតូចចង្អៀត ដែលទាមទារឱ្យមន្ត្រីជំនាញអូសទាញទុយោទឹក ដើម្បីចូលទៅកាន់តំបន់កើតហេតុចំណាយពេលយូរ។

សូមបញ្ជាក់ថា ចំពោះ មូលហេតុដែលបង្កឱ្យមានការឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះ បណ្តាលឱ្យរងកាខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុងខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕/PC