​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា ដែល​ស្ថិតនៅក្រោម​ចំណុះ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​បើក វគ្គ​បណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ប្រដាល់សកល​អាជីព ជា​លើកដំបូង ដើម្បី​ពង្រឹងសមត្ថភាព មន្ដ្រី​បច្ចេកទេស​របស់ខ្លួន ឆ្ពោះទៅរក​ការគាំទ្រ និង​ចូល​ជា សមាជិក​ស្ថាប័ន​ប្រដាល់សកល​អាជីព​ពិភពលោក (WBC) ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ប្រធាន​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា បាន​ឲ្យ​ដឹងថាៈ វគ្គ​នេះ មាន​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា​នេះ ដែល​បង្រៀន ដោយ​គ្រូឧទ្ទេស​លោក SHOZO KATAYAMA មកពី​ស្ថាប័ន​ប្រដាល់សកល អាជីព​ជប៉ុន និង​មាន​សិក្ខាកាម ១០ នាក់​
​ចូលរួម​។ វគ្គ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​សិក្ខាកាម ចូលរួម ដើម្បី​បំពេញ តម្រូវការ​របស់ WBC និង​អាច​ចូល​ជា​សមាជិក របស់​ស្ថាប័ន​អន្ដរជាតិ​មួយ​នេះ ។​

​លោក​បាន​បន្ដថាៈ វគ្គ​បណ្ដុះបណ្ដាល អាជ្ញាកណ្ដាល -​ចៅក្រម ប្រភេទ​ប្រដាល់ សកល​អាជីព​នេះ គឺជា​តម្រូវការ ដើម្បី​ឲ្យ​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា អាច​ចូល​ជា​សមាជិក​របស់ WBC ដែលជា​ស្ថាប័ន​ដោយឡែក ពី​ប្រដាល់សកល ស្ម័គ្រចិត្ត ដែល​គ្រប់គ្រង ដោយ​ស្ថាប័ន IBA ។ នេះ​ជា​តម្រូវ​ការសំខាន់ ដើម្បី​អាច ចូល​ជា​សមាជិក WBC បាន​គឺ​យើង​ត្រូវមាន​អាជ្ញាកណ្ដាល -​ចៅក្រម ផ្នែក​ប្រដាល់ សកល​អាជីព ក៏ដូចជា កីឡាករ​-​កីឡាការិនី ផ្នែក​ប្រដាល់សកល អាជីព ដើម្បី​ធ្វើការ​បញ្ចូល ទៅក្នុង​ប្រព័ន្ធ ដែលជា​លក្ខខណ្ឌ​មួយ ក្នុងចំណោម លក្ខ​ខ័​ណ្ឌ ផ្សេងទៀត ទើប​យើង​អាច​បញ្ចូល​ជា​សមាជិក WBC ហើយ​អាច បញ្ជូន​កីឡាករ ប្រដាល់សកល​អាជីព ទៅ​ប្រកួត ជាមួយ​ពួកគេ​បាន ។​

​វគ្គ​នេះ គឺជា​ជំហាន​ដំបូង សម្រាប់​កម្ពុជា ឆ្ពោះទៅ​អភិវឌ្ឍន៍​ផ្នែក​ប្រដាល់សកល អាជីព ព្រោះ​ពេលណា យើង​មាន​វគ្គ​នេះ យើង​អាច​ចូលរួម​ជា​សមាជិក​របស់ WBC ហើយ​យើង​នឹង​អាច​រៀបចំ​ផ្នែក ប្រដាល់សកល​អាជីព​ហ្នឹង នៅ​កម្ពុជា ដែលជា​ការរៀបចំ​ទទួលស្គាល់ ដោយ WBC ។ មួយទៀត យើង​នឹងមាន ឱកាស​ប​ញ្ចូ​ន កីឡាករ​-​កីឡាការិនី ផ្នែក​ប្រដាល់សកល​អាជីព ទៅ​ចូលរួម ការប្រកួត ជា​លក្ខណៈ​អន្ដរជាតិ ដូច​យើង​បានដឹង ដូចជា Pacquiao និង Floyd ពួកគាត់​សុទ្ធតែជា​អ្នក​ប្រដាល់សកល​អាជីព​។ ដូច្នេះ​មិនមែន​ចេះតែ ចូល​ទេ គឺ​យើង​ត្រូវការ​ការទទួលស្គាល់ និង​មាន​អាជ្ញាប័ណ្ណ ច្បាស់លាស់​ទើប​យើង​អាច​ចូលរួម ការប្រកួត​ផ្នែក​ប្រដាល់សកល​អាជីព​បាន ។

​ដើម្បី​ជំរុញ​ឲ្យ​សិក្ខាកាម ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ខាងលើ ទទួលបាន​ជោគជ័យ គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា ដែល​គាំទ្រ​ដោយ​សហព័ន្ធ ក៏​នឹងមាន រៀបចំ​ការប្រកួត​ប្រដាល់សកល​អាជីព Ultimate Pro Boxing 2022 នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ស្អែក​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​ស្ដា​ត​អូឡាំពិក​) ដើម្បី​ជាការ​ធ្វើតេស្ដ​សិក្ខាកាម តាមរយៈ​ការអនុវត្ត​ផ្ទាល់ ក្នុងតួនាទី​ជា អាជ្ញាកណ្ដាល -​ចៅក្រម នៃ​ការប្រកួត​ថ្នាក់ជាតិ នេះ​ផងដែរ ៕/V​.mara