ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់ទាត់ស្ប៉េស្យាល់នារីកម្ពុជា ទទួលមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ យ៉ូនីហ្វាយ ស្ប៉េស្បាល់អូឡាំពិក អាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ (the g+ SOSEA Unified Football Competition 2022) នៅទីក្រុងបាងកក ប្រទេសថៃ ខណៈក្រុមកីឡាការិនីបាល់ទាត់ ស្ប៉េស្យាល់បុរសកម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ ៤ ។

សម្រាប់ព្រឹត្តិការណ៍នេះ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជូន ក្រុមគណៈប្រតិភូគ្រូបង្វឹកគ្រូជំនួយកីឡាករ កីឡាការិនី ២១ នាក់ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ យ៉ូនីហ្វាយ ស្ប៉េស្បាល់អូឡាំពិក អាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ (the g+ SOSEA Unified Football Competition 2022) ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

ការចេញទៅប្រកួតនេះ ដឹកនាំដោយលោក ឃ្លាំង ចន្ធូ ជាប្រធានប្រតិភូ និងជា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា។ ចំណែកលោក ឡាយ សែម គ្រូបង្វឹក បាល់ទាត់បុរស និងលោក ហួត ពុទ្ធី គ្រូជំនួយ។

ក្រុមបាល់ទាត់ ស្ប៉េស្យាល់ កីឡាករ ចំនួន ៨ នាក់ រួមមាន កីឡាករ សន គង្គា កីឡាករ ភិន ណារិទ្ធ កីឡាករ ឆន វណ្ណរាជ្យ កីឡាករ ឈួន សុវណ្ណរ័ត្ន កីឡាករ កែន ថុនា កីឡាករ សុត ថៃស៊ីន កីឡាករ រៀង សុវណ្ណរ៉ា និងកីឡាករ ឈួន សុខច័ន្ទ ។

ចំពោះក្រុមបាល់ទាត់ស្ប៉េស្យាល់ កីឡាការិនី សរុបចំនួន ៨ នាក់ កញ្ញា គុយ វណ្ណចន្ថាកិច្ច ជាគ្រូបង្វឹក កញ្ញា ឡាង លីឡាន ជាគ្រូជំនួយ កីឡាការិនី ហុក រក្សា កីឡាការិនី ខេមរិទ្ធ លក្ខិណា កីឡាការិនី ហុក ស្រីមុំ កីឡាការិនី រដ្ឋ ដារ៉ា កីឡាការិនី អុល ស្រីនីត កីឡាការិនី គឹម ម៉ារៀ កីឡាការិនី យ៉ែម ពិសី និងកីឡាការិនី អូន ចន្ទ្រា៕/V