ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ លោក ដូ​ណា​ល់ ត្រាំ បានឈ្នះ​ក្មួយ​ស្រី​របស់​គាត់​ឈ្មោះ ម៉ា​រី ត្រាំ (Mary Trump)​នៅក្នុង​បណ្តឹង​មួយ​ដែល​នាង​បាន​ចោទប្រកាន់​អតីត​ប្រធានាធិបតី​អាម៉េរិក​​រូប​នេះ​និង​បងប្អូន​ពីរ​នាក់​របស់​គាត់​ពី​បទ​បោកប្រាស់​នាង​ដើម្បី​កើប​យក​កេរ​មរតក​រាប់​លាន​ដុល្លារ​។​

​នៅក្នុង​ការសម្រេច​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា ចៅក្រម រ៉ូបឺត រីដ (Robert Reed) នៃ​តុលាការ​រដ្ឋ​ញូវយ៉ក​នៅ​ស​សង្កាត់​ម៉ាន់​ហា​ថា​ន (Manhattan) បាន​និយាយថា​លោកស្រី​ម៉ា​រី​បាន​​បោះបង់​ចោល​ការប្តឹង​សាច់ញាតិ​នៅក្នុង​ដំណោះស្រាយ​ទំនាស់​ឆ្នាំ ២០០១ ជុំវិញ​អចលនទ្រព្យ​របស់​ឪពុក​របស់​លោក​ត្រាំ គឺ ហ្វ្រេត ត្រាំ អេស​អា (Fred Trump Sr)​។​

​ការសម្រេចចិត្ត​របស់​ចៅក្រម​រីដ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ដដែល ដែល​ចៅក្រម​សហព័ន្ធ​នៅ​ម៉ាន់​ហា​ថា​ន​បានប្រគល់​ជ័យជម្នះ​ផ្លូវច្បាប់​មួយ​ទៀត​ដល់​លោក​ត្រាំ​ដោយបាន​ច្រាន​ចោល​បណ្តឹង​របស់​អតីត​​មេធាវី​របស់​លោក គឺ​លោក ម៉ៃ​ឃើ​ល ខូហិន (Michael Cohen) ជុំវិញ​ការដែល​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ នៅក្នុង​ការ​សងសឹក​ចំពោះ​ការសរសេរ​សៀវភៅ​កំណត់ត្រា​ផ្ទាល់ខ្លួន​មួយ ដែល​ទម្លាយ​រឿងរ៉ាវ​ទាំងអស់​។​

​ករណី​របស់​លោកស្រី​ម៉ា​រី​មាន​ឫសគល់​នៅក្នុង​ករណី​ស្លាប់​ឆ្នាំ ១៩៨១ របស់​ឪពុក​នាង លោក ហ្វ្រេត ត្រាំ ជូនៀ (Fred Trump Jr) ជា​បងប្រុស​របស់​លោក ដូ​ណា​ល់​ត្រាំ​ដែល​បាន​បន្សល់​ឱ្យ​នាង​នូវ​ផល​​ប័ត្រ​អចលនទ្រព្យ​ជាច្រើន ពេល​នាង​មាន​អាយុ​១៦​ឆ្នាំ​។​

​ឥឡូវ​ជា​អ្នក​ចិត្តសាស្ត្រ​អាយុ ៥៧ ឆ្នាំ ម៉ា​រី ត្រាំ​បាន​អះអាងថា ពូ​របស់​នាង លោក ដូ​ណា​ល់ ត្រាំ និង​លោក រ៉ូបឺត ត្រាំ (Robert Trump)​និង​ម្តាយមីង ម៉ា​រី​យ៉ាន​ណេ ត្រាំ បារី (Maryanne Trump Barry) ត្រូវបាន​សន្មត់​ថា​ការពារ​ផលប្រយោជន៍​របស់​នាង ប៉ុន្តែ​ជំនួស​មកវិញ​បែរជា “​លេប​យក​” ប្រាក់​រាប់​សិប​លាន​ដុល្លារ​ពី​នាង​។​

​ម៉ា​រី​បាន​អះអាង​ថា​នាង​ទើបតែ​បានដឹង​ពី​ការ​ក្លែងបន្លំ​នេះ នៅពេល​ដែល​កាសែត New York Times បាន​ផ្សាយ​ការស៊ើបអង្កេត ដែល​ឈ្នះ​រង្វាន់ Pulitzer ឆ្នាំ ២០១៨​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​​លោក​ត្រាំ រួមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គាត់​ដើម្បី​គេចវេ​សពន្ធ​។​

​ប៉ុន្តែ​ចៅក្រម​បាន​និយាយថា ដំណោះស្រាយ​ឆ្នាំ​២០០១ ដែល​បាន​ផ្តល់ឱ្យ​ម៉ា​រី ត្រាំ ជាង ២,៧ លាន​ដុល្លារ គឺ ធ្វើឱ្យ​ចុង​ចម្លើយ​រួចខ្លួន​ពី​បន្តឹងរ​បស់​ម៉ា​រី “​យ៉ាង​ច្បាស់លាស់​ក្រឡែត​និង​មិន​ស្រពេចស្រពិល​”​។​

​លោក​ក៏​បាន​និយាយ​ដែរ​ថា​ការដោះស្រាយ​នេះ​ក៏​មិន​មាន​ភាពអយុត្តិធម៌​ឬក៏​មាន “​ករណី​គំរាមកំហែង​ណាមួយ​របស់​ចុង​ចម្លើយ​ដើម្បី​រារាំង​ការអនុវត្ត​ឆន្ទៈ​ដោយ​សេរី​របស់​ដើមចោទ​នោះដែរ​”៕

លោក​ត្រាំ​និង​ក្មួយ​ស្រី ម៉ា​រី ត្រាំ