​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​អ្វី​ដែល​គាត់​បង្ហើប​ជា​ច្រើន​ខែ គឺ គាត់​នឹង​ប្រជែង​តំណែង​សេត​វិមាន​មួយ​ផ្សេង​ទៀត​នៅ​ឆ្នាំ ២០២៤​ដោយ​ផ្គើន​​នឹង​ការអំពាវនាវ​ពី​មេដឹកនាំ​គណបក្ស​សំខាន់ៗ និង​អ្នកផ្តល់​ជំនួយ​សម្រាប់​បក្ស​សាធារណរដ្ឋ (GOP)​ឱ្យ​ដោះដៃ​ចេញ​ពី​អតីត​ប្រធានាធិបតី​រូបនេះ​បន្ទាប់​ពី​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​នៅ​ការបោះឆ្នោត​​ពាក់កណ្តាល​អាណត្តិ​កាលពី​សប្តាហ៍​មុន​។​

​លោក​ត្រាំ​បាន​ដាក់​ឯកសារ​សហព័ន្ធ​ដើម្បី​ប្រកាស​ថា​លោក​នឹង​ឈរ​ឈ្មោះ​ប្រជែង​ម្តងទៀត​នៅ​មុន​សុន្ទរកថា​យប់​ថ្ងៃ​អង្គារ​កន្លែង​ដែល​អ្នក​គាំទ្រ​របស់​គាត់​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​បន្ទប់​ពិធី​​ជប់លៀង​នៅឯ​រមណីយដ្ឋាន Mar-a-Lago របស់​គាត់​នៅ​ទីក្រុង​ផាម​ប៊ីច (Palm Beach)​រដ្ឋ​ផ្លរីដា​ដោយ​បាន​ក្លាយ​ជា​គូប្រជែង​ដ៏​សំខាន់​ដំបូង​គេ​ពី​បក្ស​ទាំង​ពីរ​ក្នុង​ការប្រកាស​ជា​ផ្លូវការ​បែបនេះ​។​

​ឯកសារ​របស់គាត់​ជាមួយ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​សហព័ន្ធ​ត្រូវបាន​ដាក់ ២៣​នាទី​មុនពេល​ចាប់ផ្តើម​សុន្ទរកថា​ប្រកាស​របស់​គាត់​ដោយបាន​ចាត់តាំង​គណៈកម្មាធិការ​យុទ្ធនាការ​មួយ​ឡើង​​សម្រាប់​ការ​រៃអង្គាស​ថវិកា​។​

​លោក​ត្រាំ​ក្រោយមក​បាន​ស្វាគមន៍​អ្នកគាំទ្រ​របស់គាត់​។​

​នៅក្នុង​សុន្ទរកថា​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​អាម៉េរិក លោក​ត្រាំ​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​រាប់រយ​នាក់​នៅក្នុង​សាល​កីឡា​មួយ​ដែល​តុបតែង​ដោយ​អំពូល​ជាច្រើន​និង​ទង់ជាតិ​អាម៉េរិក​រាប់សិប​។​

​លោក​ត្រាំ​បាន​និយាយ​ទៅកាន់​ហ្វូង​ម្ចាស់​ជំនួយ​និង​អ្នកគាំទ្រ​យូរអង្វែង​របស់​គាត់​ថា “​ដើម្បី​ធ្វើឱ្យ​អាម៉េរិក​អស្ចារ្យ​ម្តងទៀត យប់​នេះ​ខ្ញុំ​នឹង​ប្រកាស​បេក្ខភាព​សម្រាប់​ប្រធានាធិបតី​អាម៉េរិក​។ ការ​ត្រឡប់​មក​វិញ​របស់​អាម៉េរិក​ចាប់ផ្តើម​នៅ​ពេល​នេះ​”​។​

​លោក​ត្រាំ​បាន​បញ្ចៀស​ការហៅ​ឈ្មោះ​ចំៗ ដោយ​ជំនួស​មកវិញ​បាន​ជ្រើសរើស​យក​ការរិះគន់​លើ​អាណត្តិ​ប្រធានាធិបតី​របស់លោក ចូ បៃ​ដិន និង​ការ​រំលឹក​ឡើងវិញ​នូវ​អ្វី​ដែល​លោក​ត្រាំ​និយាយថា​ជា​សមិទ្ធិផល​គោលនយោបាយ​ក្នុងអំឡុងពេល​គាត់​កាន់តំណែង​។​

​លោក​បាន​និយាយថា “​ពីរ​ឆ្នាំ​មុន យើង​ជា​ប្រជាជាតិ​ដ៏​អស្ចារ្យ ហើយ​មិនយូរប៉ុន្មាន យើង​នឹង​ក្លាយ​ជា​ប្រជាជាតិ​ដ៏​អស្ចារ្យ​ម្ដងទៀត​”៕

​លោក​ត្រាំ​នឹង​ប្រជែង​តំណែង​ប្រធានាធិបតី​ម្តងទៀត​ក្នុង​ឆ្នាំ ២០២៤