​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ បន្ទាប់​ពី​អវត្តមាន ៥០ ឆ្នាំ ណា​សា​នឹង​ត្រឡប់​ទៅ​ឋាន​ព្រះ​ចន្ទ​វិញ​។ លើក​នេះ​កម្មវិធី​នេះ​ត្រូវបាន​ដាក់​ឈ្មោះ​តាម​រ៉ុក្កែត Artemis ជា​ឈ្មោះ​ទេពធិ​តាក្រិ​ក​តំណាងឱ្យ​ព្រះចន្ទ និង​ប្អូនស្រី​ភ្លោះ​របស់​ទេវតា​ព្រះអាទិត្យ Apollo​។ វា​មិន​ត្រឹមតែ​សម​នឹង​ឈ្មោះ​និង​គោលដៅ​ប៉ុណ្ណោះ​ទេ រ៉ុក្កែត Artemis​ក៏​នឹង​ធានា​នូវ​អ្វី​ដែល​យាន Apollo ធ្វេសប្រហែស​ក្នុង​ការធ្វើ​ពីមុន​ផងដែរ នោះ​គឺ​ដាក់​ស្ត្រី​ដំបូង​គេ​នៅលើ​ឋាន​ព្រះ​ចន្ទ​។​

រ៉ុក្កែតព្រះចន្ទជំនាន់ថ្មីរបស់អង្គការ Nasaបានចេញដំណើរពីមជ្ឈមណ្ឌលអវកាសកេណ្ណឌីក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃពុធ ក្នុងដំណើរបីសប្តាហ៍ជុំវិញព្រះចន្ទនិងវិលមកកាន់ផែនដីវិញដោយមិននាំមនុស្សទៅជាមួយទេ

​តាមមើលទៅ អ្នកដឹកនាំ​ការបាញ់​បង្ហោះ​ជា​ស្ត្រី​ដំបូង​របស់​ណា​សា គឺ​លោកស្រី ឆា​លី ប្ល៊ែ​កវែល ថម​សុន (Charlie Blackwell-Thompson)​នឹង​មើល​ការខុសត្រូវ​លើ​ការរាប់​ថយ​ក្រោយ​និង​ការ​​បាញ់​បង្ហោះ​យាន​បេសកកម្ម​ដំបូង​នេះ​។ ប៉ុន្តែ​រ៉ុក្កែត Artemis I គឺ​លើស​ពី​បេកសកកម្ម​ស្ត្រីនិយម​ទៅទៀត​។ ក្នុង​អំឡុងពេល​នៃ​ការធ្វើដំណើរ​រយៈពេល ៣៧ ថ្ងៃ​របស់​វា​នៅ​ក្នុង​គន្លង​វិល​ជុំវិញ​ព្រះ​ចន្ទ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ផ្ទុយទៅនឹង​ព្រះ​ចន្ទ​គោចរ​ជុំវិញ​ផែនដី វា​នឹង​សម្រេចបាន​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត​។​

​លោក ជី​ម ហ្វ្រ៊ី (Jim Free) អ្នកគ្រប់គ្រង​រង​នៃ​ណា​សា​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​រុករក បាន​និយាយថា​”​យើង​នឹង​យក​យាន​មាន​មនុស្ស​ដំបូង​គេ​ឱ្យ​ទៅ​ហួស​ឆ្ងាយ​ពី​យាន​ដែល​មនុស្ស​បាន​បញ្ជូន​​ទៅ​ពី​មុន​។ ហើយ​យើង​នឹង​ទៅ​ហួស​ព្រះ​ចន្ទ ៦៤.០០០ គីឡូម៉ែត្រ​ដោយ​ប្រើ​យាន Orion”​។​

​នៅពេល​ដែល​យាន Orion ដែល​ជា​យាន​រុករក​ថ្មី​មាន​មនុស្ស​បើកបរ​របស់​ណា​សា សម្រេច​បាន​រឿងនេះ វា​នឹង​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤៥០.៦០០ គីឡូម៉ែត្រ​ពី​ផែនដី​ដោយ​បំបែក​ឯតទគ្គ​កម្ម​ដែល​​ធ្លាប់​កាន់កាប់​ពី​មុន​ដោយ​យាន​ដឹក​មនុស្ស Apollo 13 កាលពី​ឆ្នាំ ១៩៧០​។ ខណៈ​រ៉ុក្កែត Artemis I គឺជា​ការហោះហើរ​សាកល្បង ក្រុម​អវកាសយានិក​របស់​យានអវកាស Orion​នឹងមាន​​ម៉ាណឺ​កាំង​ទំហំ​ប៉ុន​មនុស្សមួយ​បំពាក់​ដោយ​ឧបករណ៍​ចាប់​សញ្ញា ដើម្បី​វាស់​ស្ទង់​សម្ពាធ ភាព​តានតឹង និង​វិទ្យុសកម្ម ដែល​នឹង​ស្វាគមន៍​អវកាសយានិក (​មនុស្ស​ពិត​) សម្រាប់​រ៉ុក្កែត Artemis II និង រ៉ុក្កែត​ដទៃទៀត​។ ប៉ុន្តែ​នោះ​នៅ​មិនទាន់​ចប់​ទេ​…​។

​បន្ទាប់​ពី​ការពន្យា​ពេល​ជា​ច្រើន​ដែល​បណ្តាល​មកពី​បញ្ហា​បច្ចេកទេស​និង​ការ​លេច​ធ្លាយ​ឥន្ធនៈ​អ៊ីដ្រូសែន រ៉ុក្កែត Artemis I នឹង​បាញ់​បង្ហោះ​លើ​រ៉ុក្កែត Space Launch System (SLS) ដែល​នៅ​កម្ពស់ ៩៨ ម៉ែត្រ គឺ​ខ្ពស់ជាង​រ៉ុក្កែត Saturn V របស់​យាន Apollo ទៅទៀត​។​

​លោក​ហ្វ្រ៊ី​និយាយថា “​រ៉ុក្កែត SLS គឺជា​រ៉ុក្កែត​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ត្រូវបាន​សាងសង់​។ វា​មាន​កម្លាំង​រុញច្រាន ៨,៨ លាន​ផោន ហើយ​នៅពេល​ដែល​យើង​ឈាន​ដល់​អត្រា​ហោះហើរ​ខ្ពស់​បំផុត​របស់​យើង កម្មវិធី Artemis នឹង​នាំ​មនុស្ស​បួន​នាក់​ចុះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​រយៈពេល ៣០ ថ្ងៃ​”​។​

​នេះ​គឺជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់​។ អំឡុង​ការ​ចុះចត​នៅលើ​ឋាន​ព្រះ​ចន្ទ នេះ​ជា​រយៈពេល​វែង​បំផុត​ដែល​អវកាសយានិក​បាន​ចំណាយ​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ ដែល​ពីមុន​មាន​ត្រឹមតែ​ជាង​បី​ថ្ងៃ​ប៉ុណ្ណោះ ក្នុងអំឡុង​យាន Apollo 17 ក្នុង​ឆ្នាំ ១៩៧២៕

កម្មវិធី Artemis នឹង​ឃើញ​ណា​សា​ត្រឡប់​ទៅ​ឋាន​ព្រះ​ចន្ទ​វិញ បន្ទាប់​ពី​អវត្តមាន​ជាង ៥០ ឆ្នាំ​