ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការ​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូងៗ​បង្ហាញថា កាំជ្រួច​មួយ​ដែល​ធ្លាក់​នៅ​ភូមិ​របស់​ប៉ូឡូញ​សម្លាប់​មនុស្ស​ពីរ​នាក់​ជា​កាំជ្រួច​ដែល​កងកម្លាំង​អ៊ុយ​ក្រែន​បាញ់​សំដៅ​កាំ​ជ្រួច​​រុស្ស៊ី​ដែល​ហោះចូល​មក​មួយ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​អាម៉េរិក​។​

​ការបញ្ចេញ​អោយ​ដឹង​ពី​ក្រុមមន្ត្រី​អាម៉េរិក​ដូច្នេះ​កើត​ឡើង​ស្របពេល​ដែល​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិនបាន​និយាយ​ថា​កាំជ្រួ​ច​ដែល​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​នៅក្នុង​ប្រទេស​ប៉ូឡូញ​«​មើល​​ទៅ​ទំនងជា​មិន​ត្រូវ​បាន​បាញ់​ចេញពី​រុស្ស៊ី​»​ទេ តែ​លោក​គាំទ្រ​ការស៊ើបអង្កេត​របស់​ប៉ូឡូញ​លើ​ការអះអាង​ថា​វា​ជា​កាំជ្រួច​«​ផលិត​នៅ​រុស្ស៊ី​»​។​

មេដឹកនាំលោកខាងលោកមានការប្រយ័ត្នប្រយែងអំពីការសន្និដ្ឋានណាមួយដោយខ្លាចសង្រ្គាមអ៊ុយក្រែនទាញពួកគេអោយចូលក្នុងការធ្វើសង្រ្គាមជាមួយរុស្ស៊ី

​មន្ត្រី​អាម៉េរិក​បី​នាក់​ដែលសុំមិនបញ្ចេញឈ្មោះបាន​និយាយថា ការ​វាយ​តំលៃ​ជំហាន​ដំបូងៗ​បង្ហាញថា កាំជ្រួច​ត្រូវបាន​បាញ់​ដោយ​កងកម្លាំង​អ៊ុ​យក្រែនសំដៅ​កាំជ្រួច​រុស្ស៊ី​មួយ​ដែល​ហោះ​សំដៅ​មក​ចំ​ពេល​កងកម្លាំង​រុស្ស៊ី​បាញ់​កាំ​​ជ្រួច​ស្រោច​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​អង្គារ​។​

​ការលើកឡើង​របស់​បៃ​ដិន​កើត​ឡើង​បន្ទាប់ពី​លោក​ដឹកនាំ​កិច្ចប្រជុំ​គ្រាអាសន្ន​នៃ​ក្រុម​មេដឹកនាំ​ប្រទេស​G7​និង​មេដឹកនាំ​ប្រទេសជាសមាជិកអង្គការ​ណា​តូ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​អំពី​ការ​​វាយប្រហារ​ដែល​ពីដំបូង​ចោទប្រកាន់​ថា​ជា​អំពើ​របស់​កង​ទាហាន​រុស្ស៊ី​ទៅលើ​ប៉ែក​ខាងកើត​ប៉ូឡូញ​ក្បែរ​ព្រំដែន​អ៊ុ​យក្រែន​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​កាំជ្រួច​ពិតជា​ត្រូវបាញ់​ចេញពី​រុស្ស៊ីឬ លោកបៃ​ដិនបាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​ព័ត៌មាន​ស្តីពី​ការរកឃើញ​ជំហាន​ដំបូង​មិន​ដូច្នេះ​ទេ​។​វា​មិន​នៅក្នុង​ខ្សែកោង​ដែល​បាញ់​ចេញពី​​រុស្ស៊ី​ទេ តែ​យើង​រង់ចាំ​មើល​»​។​

​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រសួង​ការបរទេស​ប៉ូឡូញ​និយាយថា «កាំជ្រួច​ផលិត​នៅ​រុស្ស៊ី»តែ​ប្រធានាធិបតី​ប៉ូឡូញ​មានការ​ប្រុងប្រយ័ត្ន​ជាង​អំពី​ប្រភព​កាំជ្រួច​ដោយ​លោក​បាន​និយាយថា មន្ត្រី​របស់​លោក​មិន​​ច្បាស់​ថា​តើ​វា​បាញ់​ចេញពី​ទីណា ឬ​ផលិត​នៅទីណា​ទេ​។​

សូមបញ្ជាក់ថា ​លោកបៃ​ដិន​ត្រូវបាន​បុគ្គលិក​ដាស់​អោយ​ភ្ញាក់​កាល​ពី​រំលង​អធ្រាត​ជាមួយនឹង​ព័ត៌មាន​អំ​ពីការផ្ទុះ​ខ្លាំង​មួយ​នៅ​ភូមិ​ប៉ូឡូញ​ក្បែរ​ព្រំដែន​អ៊ុ​យក្រែន ពេល​លោក​កំពុងស្ថិត​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌូនេស៊ី​សំរាប់​​ជំនួប​កំពូល​ក្រុម​ប្រទេស​G20​។​ដំបូង​គេ​លោក​បាន​ទូរស័ព្ទ​ទៅកាន់​ប្រធានាធិបតី​ប៉ូឡូញ​ដើម្បី​សម្តែង​ការចូលរួម​សោកស្តាយ​ចំពោះ​ការបាត់បង់​អាយុជីវិត​មនុស្ស​។​លោក​បាន​សន្យា​«​គាំទ្រ​ពេញទំហឹង​និង​​ជួយ​ប៉ូឡូញ​ធ្វើការ​ស៊ើបអង្កេត​»ព្រមទាំង​បញ្ជាក់​អះអាង​ជា​ថ្មី​អំពី​«​ការប្តេជ្ញា​ចិត្ត​រឹង​ដូច​ដែក​របស់​អាម៉េរិក​ចំពោះ​អង្គការ​ណា​តូ​»៕

​លោកបៃ​ដិន ដឹកនាំ​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​ប្រទេស​G7​និង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ​នៅ​បន្ទប់​សណ្ឋាគារ​ដែល​លោក​ស្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដើម្បី​ពិភា​​ក្សា​រឿង​កាំ​ជ្រួច​ធ្លាក់​នៅ​ប៉ូឡូញ​