​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រទេស​ភាគច្រើន​នៃ​ក្រុម G-20 បាន​សម្តែង​ការ​ជំទាស់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន “​ក្នុង​ពាក្យពេចន៍​ធ្ងន់​បំផុត​” កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា ហើយ​ទាមទារ​ឱ្យ​ដកទ័ព​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​នៅក្នុង​សេចក្តីប្រកាស​ដែល​បាន​អនុម័ត​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ​។​

​សេចក្តីថ្លែងការណ៍ ដែល​ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃ​ពុធ បាន​និយាយថា សមាជិក​ភាគច្រើន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដោយ​បង្ហើប​ឱ្យដឹងថា រុស្ស៊ី ដែល​ជា​សមាជិក G-20 បាន​ជំទាស់​នឹង​ពាក្យពេចន៍​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​។​

​ជំហរ​របស់​ចិន​និង​ឥណ្ឌា ដែល​អនុប្បវាទ​ពី​សេចក្តីសម្រេចចិត្ត​ស្រដៀង​គ្នា​របស់​អង្គការសហប្រជាជាតិ​កាលពី​ខែ​មីនា គឺ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នោះទេ​។​

​ទោះយ៉ាងណា យ៉ាងហោចណាស់​អ្នកការទូត​បី​នាក់​បាន​និយាយថា សេចក្តីថ្លែងការណ៍ ដែល​បាន​ទទួលស្គាល់ថា “​មាន​ទស្សនៈ​ផ្សេង​ទៀត​និង​ការវាយតម្លៃ​ផ្សេងៗ​គ្នា​អំពី​ស្ថានភាព​និង​ការដាក់ទណ្ឌកម្ម​” ត្រូវបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​។​

​សេចក្តីប្រកាស​ក៏​និយាយ​ដែរ​ថា “​ការប្រើប្រាស់​ឬ​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​គឺ​មិន​អាច​ទទួលយកបាន​នោះ​ទ​។​វា​ចាំបាច់​ណាស់​ក្នុង​ការថែរក្សា​ច្បាប់​អន្តរជាតិ​និង​ប្រព័ន្ធ​ពហុភាគី​ដែល​ការពារ​​សន្តិភាព​និង​ស្ថិរភាព​។ នេះ​រួម​បញ្ចូល​ទាំង​ការការពារ​គោលបំណង​និង​គោលការណ៍​ទាំងអស់​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​”៕

​ប្រទេស G-20 ភាគច្រើន​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុ​យក្រែន