ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ចុងរដូវ​វស្សា​ឆ្នាំ​២០២២-២០២៣ ធ្វើឱ្យ​ការ​ច្រូតកាត់​ស្រូវវស្សា​នៅក្នុង​ខេត្តកំពុងស្ពឺ​ជួប​ការលំបាក គ្រឿង​ច្រក​នៅ​កន្លែង​ខ្លះ​មិនទាន់​អាច​ចុះ​ស្រែ​បាន ដោយសារ​ទឹក​នៅក្នុង​ស្រែ​សល់​ច្រើន ។

​ភ្លៀង​ធ្លាក់​ដោយសារ​ម៉ាស​ខ្យល់​ក្តៅ​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ប៉ះ​ជាមួយ​ម៉ាស់​ខ្យល់​ត្រជាក់​រុញ​មកពី​ប្រទេស​ចិន នៅលើ​ប្រទេស​កម្ពុជា​ចុះខ្សោយ​បន្តិច​ទៅវិញ​នៅ​ថ្ងៃទី​១៦ និង​១៧ ខែវិច្ឆិកា តែ​ចាប់ពី​ថ្ងៃទី​១៨ ទៅ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​មកវិញ នៅ​ស្ទើរ​ទូទាំងប្រទេស​ជាប់​គ្នាច្រើន​ថ្ងៃ​ទៀត​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ធ្វើឱ្យ មានទឹក​ពេញៗ​ស្រែ​ដែល​កំពុងមាន​ស្រូវ​ទុំ​កន្លែង​ខ្លះ​ច្រូតកាត់​មិនកើត​ដោយសារ​ទឹក​នៅក្នុង​ស្រែ​ជ្រៅ​គ្រឿងចក្រ​មិនអាច​ចូល​បាន​។​ភ្លៀង​នៅតែ​បន្ត​មាន​ធ្លាក់​ថែម​មក​រាល់ថ្ងៃ ដូចជា​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​ពី​១​ដល់​៥៥​មី​លី​ម៉ែត្រ នៅលើ​ក្រុង​ស្រុក​ជាច្រើន​។​
បរិមាណ​ទឹកភ្លៀង​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃ​ទ​១៦ ខែវិច្ឆិកា នៅក្នុង​ស្រុក​ភ្នំស្រួច​មាន​កម្រិត​ពី​៦​ដល់​៣៥​មី​លី​ម៉ែត្រ នៅ​ស្រុក​សំរោង​ទង​មាន​កម្រិត​ពី​១៦​ដល់​៣០​មី​លី​ម៉ែត្រ នៅ​ស្រុក​បសេដ្ឋ​មាន​កម្រិត​ពី​២​ដល់​១៨​មី​លី​ម៉ែត្រ នៅ​ស្រុក​គងពិសី​មាន​កម្រិត​ពី​៧​ដល់​៥៥​មី​លី​ម៉ែត្រ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យរ​ស្ម​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ថា មិនមែន​តែ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ទេ​ដែល​ប្រជាជន​ប្រឈម​នឹង​ការ​ច្រូតស្រូវ​ក្នុង​ទឹក​នោះ​ខេត្ត​ជាច្រើន​ផ្សេងទៀត​ក៏​ដូចនេះ​ដែរ​។ ភ្លៀង​ធ្លាក់​ដោយសារ​ម៉ាស​ខ្យល់​ក្តៅ​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ប៉ះ​ជាមួយនឹង​ម៉ាស់​ខ្យល់​ត្រជាក់​រុញ​មកពី​ប្រទេស​ចិន​នៅលើ​ប្រទេស​កម្ពុជា​នេះ​ចុះខ្សោយ​បន្តិច​ទៅវិញ​នៅ​ថ្ងៃទី​១៦ និង​១៧ ខែវិច្ឆិកា តែ​ចាប់ពី​ថ្ងៃទី​១៨​ទៅ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​មកវិញ នៅ​ស្ទើរ​ទូទាំងប្រទេស​ជាប់​គ្នាច្រើន​ថ្ងៃ​ទៀត​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា​ថា នៅ ក្នុង​មួយ​សប្តាហ៍​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ការជួប​ប្រសព្វ​គ្នា​នៃ​ជ្រលង​សម្ពាធ​ទាប​ក្នុង​កម្រិត​បង្គួរ​ដែល​រុញ​ទូល​មកពី​សមុទ្រ​ចិន​ខាងត្បូង​និង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ក្នុង​កម្រិត​ខ្សោយ បង្ក​ឱ្យ​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម (​ត្បូង​)​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។ ចំណែក បណ្តា​ខេត្ត​នៅ​ភាគ​ខាងជើង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។

​ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​ត្បូង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។


​ចំណែកឯ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងជើង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។
​សម្រាប់​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ ។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​៕​